(ក្រុងឡុងដ៍)៖ Manchester United និង Wolverhamton Wanderers បានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Europa League ដូចគ្នា កំសត់តែកាំភ្លើងធំ Arsenal ដែលត្រូវបានហាលអាវ ដោយសារលេងចាញ់ក្រុមភ្ញៀវ Olympicos ២-១ នៅកីឡដ្ឋាន Emirates បញ្ចប់ជើងទី២ នាយប់មិញនេះ។

ក្នុងចំណោម ៣ក្រុមរបស់អង់គ្លេសខាងលើនេះ មានតែបិសាចក្រហមមួយគត់ដែលធ្វើបានល្អ ក្នុងប្រកួតជើងទី២ បញ្ចប់វគ្គ ៣២ក្រុមចុងក្រោយនារាត្រីថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបានបំបាក់ក្រុមមកពីប៊ែលហ្សិក Club Bruges ៥-០ បន្ថែមលើលទ្ធផលស្មើគ្នា ១-១ កាលពីជើងទី១។

យ៉ាងណាមិញក្រុមចចកព្រៃ Wolves បានបរាជ័យត្រឹម ៣-២ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Espanyol នៅអេស្ប៉ាញ ដ្បិតជើងទី១ ពួកគេ (Wolves) រកបានជ័យជម្នះ ៤-០ ដែលសរុបលទ្ធផលទាំងពីរជើងឈ្នះ ៦-៣ ឈ្នះកៅអី១ ដើម្បីឡើងទៅកាន់វគ្គ ១៦ក្រុមជាបន្តទៀត។

មួយទៀត រឿងដែលហួសចិត្តបំផុតគឺក្រុមដែលកំពុងឡើងជើង Arsenal បែរជាបរាជ័យ ២-១ ក្រោមថ្វីជើងរបស់ Olympicos ក្នុងដីទៅវិញ ដ្បិតជើងទី១ បានយកឈ្នះក្រុមមកពីក្រិក ១-០ ក្រៅដីទៅហើយនោះ។ កីឡាករខ្សែប្រយុទ្ធ Aubameyang ជាអ្នករកបានតែ ១គ្រាប់ប៉ុណ្ណោះក្នុងនាទីបន្ថែម ក្រោយពេលរបូត ១គ្រាប់នៅនាទី៦៣ មុនពេលបន្តរបូតគ្រាប់ទី២ ទៀតនៅចុងម៉ោង ១៥នាទី ២ដង ធ្វើឲ្យអស់ឱកាសឡើងទៅវគ្គ ១៦ក្រុមបាន ដោយសាររបូត ២គ្រាប់ក្នុងដី ទោះលទ្ធផលទាំងពីរជើងទាំងស្មើគ្នា ២-២ ក៏ដោយ៕