(ម៉ូនិច)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Robert Lewandowski នឹងត្រូវអវត្តមានរយៈពេល ៤សប្តាហ៍ ក្នុងជំនួបធំៗជាមួយក្រុមអាល្លឺម៉ង់ Bayern Munich ដោយត្រូវសម្រាកព្យាបាលរបួសជើង ហើយនិងខកខានប្រកួតជើងទី២ ទល់នឹងក្រុមតោខៀវ Chelsea ក្នុងពានរង្វាន់បាល់ទាត់អឺរ៉ុប UEFA Champions League និងការប្រកួតពាន DFB Pokal ជាមួយក្រុម Schalke 04 ថែមទៀតផង។

Lewandowski សញ្ជាតិប៉ូឡូញ ត្រូវសម្រាកព្យាបាលរបួស ៤សប្តាហ៍ ខណៈរូបគេកំពុងតែឈរកំពូលតារាងជាអ្នករកគ្រាប់បាល់ច្រើនជាងគេ ១១គ្រាប់បណ្តោះអាសន្ននៅ UCL រដូវកាលនេះ ហើយរបួសនេះបានកើតឡើងក្នុងការប្រកួតយកឈ្នះក្រុម Chelsea រូបគេបានរួមចំណែក ២លើកនៃគ្រាប់ ២គ្រាប់របស់មិត្តរួមក្រុម Serge Gnabry កាលពីប្រកួតជើងទី១ នៅទឹកដីអង់គ្លេស។

បច្ចុប្បន្ន Lewandowski ក៏អាចអវត្តមាន ៦ប្រកួត គ្រាដែលកំពុងរកបាន ៣៩គ្រាប់ក្នុងចំណោម ៣៣ប្រកួតជាមួយក្រុម Bayern Munich គ្រប់កម្មវិធីប្រកួតនារដូវកាលនេះ ហើយក្រុមនេះកំពុងតែឈរលើកំពូលតារាង Bundesliga មាន ៤៩ពិន្ទុទៀងផង៕