(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា និងប្រកាសដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីសម្រួចផែនការយុទ្ធសាស្ដ្រស្វែងរកមេដាយសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ការប្រកាសបង្កើតគណៈកម្មការជំនាញនេះ បានធ្វើឡើងក្រោមវត្តមានលោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងកីឡាករ-កីឡាការិនី ជម្រើសជាតិប្រដាល់សកលកម្ពុជាជាច្រើនរូបផងដែរ។

លោក ឆឹង យ៉ៅយ៉េន បានអះអាងថា នេះគឺជាយុទ្ធសាស្ដ្រថ្មីរបស់សហព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាប្រដាល់សកល និងបង្កើតនូវធនធានកីឡាករ-កីឡាការិនីអាជីពកាន់តែច្រើន សម្រាប់ចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ ពិសេសសម្រួចទិសដៅឆ្ពោះទៅដណ្ដើមមេដាយឲ្យបានច្រើន ក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ក៏ដូចជាអនុវត្តស្របតាមនិតីវិធី និងលក្ខខ័ណ្ឌរបស់សហព័ន្ធកីឡាប្រដាល់សកលអន្ដរជាតិ WBA WBC និង WBO ផងដែរ។

លោកបានគូសបញ្ជាក់ថា គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា គឺជាអង្គភាពតែមួយគត់ ដែលមានសិទ្ធិអំណោចពេញលេញ ក្នុងការគ្រប់គ្រង និងដឹកនាំអភិវឌ្ឍវិស័យកីឡាប្រដាល់សកលនៅកម្ពុជា រួមទាំងគ្រប់គ្រងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់សកលអាជីពនៅកម្ពុជា និងសហការរៀបចំកម្មវិធីប្រកួតអន្ដរជាតិនានា ក្នុងន័យអភិវឌ្ឍន៍ប្រភេទកីឡាអូឡាំពិកនេះឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគត។

ជុំវិញការបង្កើតគណៈកម្មការប្រដាល់សកលអាជីពកម្ពុជាខាងលើ ក្រៅពីមានការគាំទ្រពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏មានការគាំទ្រពីភាគីជប៉ុនផងដែរ តាមរយៈការផ្ដល់អ្នកជំនាញ មកចូលរួមអភិវឌ្ឍន៍ប្រដាល់សកកម្ពុជា ជាក់ស្ដែងក្នុងចំណោមសមាជិក ១០រូប គឺមានលោក ប៊ុយ សុភ័ណ្ឌ ជាប្រធាន និងលោក Motohashi Yukiharu ជាអនុប្រធាន, លោក Isobe Masahiro ជានាយប្រតិបត្តិ និងលោក ហ៊ុន ដាវីរតនា ជានាយករងប្រតិបត្តិ និងនាយកជនជាតិជប៉ុន ៦នាក់ផ្សេងទៀត៕