(ភ្នំពេញ)៖ ជាការកត់សម្គាល់ថ្មីៗនេះ ផេកវប្បធម៌ខ្មែរ បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងនោះក៏មានរូបព្រះឆាយាល័ក្ខណ៍ របស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ផងដែរ ដែលមានបញ្ចូលក្នុងភាពយន្តរបស់ថៃរឿង «អសូរភីត»។ ជាមួយគ្នានេះ ផេកវប្បធម៌ខ្មែរបាន ភ្ជាប់ជាមួយនឹងសំណេរ ទាមទារឲ្យផលិតករថៃបកស្រាយពីការយកព្រះឆាយាល័ក្ខណ៍ របស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បញ្ចូលក្នុងភាពយន្តរបស់ខ្លួន។ យ៉ាងណាមិញ ពេលនេះលោក ប៉ុក បូរក្ស ដែលជាប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានចេញមកស្រាយចម្ងល់ខាងលើ ដើម្បីឲ្យប្រជាជនខ្មែរបានជ្រាបកាន់តែច្បាស់។

ក្នុងសំណេររបស់លោក ប៉ុក បូរក្ស បានបំភ្លឺនូវ៤ចំណុចសំខាន់ៗយ៉ាងដូច្នេះថា «ជាដំបូង ខ្ញុំសូមអរគុណចំពោះម្ចាស់ផេក វប្បធម៌ខ្មែរ ក៏ដូចជាបងប្អូនជនរួមជាតិផ្សេងទៀត​ ដែលរមែងយកចិត្តទុកដាក់ចូលរួមចំណែកថែ​​រក្សា ការពារ និង​លើកតម្កើងតម្លៃសិល្បៈវប្បធម៌ជាតិយើង។ ក្នុងនាម នាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ខ្ញុំសូមបំភ្លឺនូវចំនុចមួយចំនួនដូចខាងក្រោម ៖

១. ភាពយន្តភាគថៃខាងលើនេះ មិនបានថតនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនោះទេ គឺថតនៅក្នុងទឹកដីថៃ។​ ប្រការនេះ​គឺហួសដែនសមត្ថកិច្ចនៃច្បាប់កម្ពុជា ​ដែលតម្រូវឲ្យមានការសុំការអនុញ្ញាតថតពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:កម្ពុជា។

២. ចំពោះរូបភាពនៅក្នុងភាពយន្តខាងលើនេះ ដែលប្រើប្រាស់រូបព្រះឆាយាល័ក្ខណ៍ របស់សម្តេចព្រះរៀម រាជបុត្រី នរោត្តម បុប្ជាទេវី អាចជា​ករណីរំលោភលើសិទ្ធិឯកជន របស់សម្តេចរាជបុត្រីព្រះរៀម ក្នុងករណីផលិតកម្មរបស់ថៃពុំបានស្នើសុំសិទ្ធិប្រើប្រាស់ពីសម្តេចព្រះរៀមរាជបុត្រីផ្ទាល់ កាលព្រះអង្គនៅមានព្រះជន្មនៅឡើយ ឬក៏ពុំបានសុំសិទ្ធិពីព្រះញ្ញាតិផ្ទាល់របស់ទ្រង់។ រីឯសេចក្តីក្នុងរឿងនោះ ដែលក្រុមការងារយើងខ្ញុំបានពិនិត្យ​ ដោយមានជំនួយពីសហការី ដែលចេះភាសាថៃវិញ​​ ឃើញថា​ ពុំមានផលប៉ះពាល់អ្វីនោះទេ​​ ពោលគឺគេ​បានលើកឡើងពីបង្ហាញរបស់សាស្រ្តចារ្យម្នាក់ ធ្វើបទបង្ហាញដោយមានបញ្ចាំងរូបភាពទេពអប្សរ នៅលើជញ្ជាំងប្រាសាទបុរាណ​ខ្មែរ​ និងព្រះព្រះឆាយាល័ក្ខណ៍របស់សម្តេចព្រះរៀម​។​ ក្នុង​សេចក្តីអធិប្បាយដែលសហការីបានប្រែគឺ​ «នៅភាគឥសានខាងត្បូងនៃប្រទេសថៃ ដែលទទួលឥទ្ធិពលពី ខម​ អ្នករបាំតែងតែតែងគ្រឿងលំអរកាយ​មានទំនោរទៅរក ខម ដូចគ្នា។​​​ «ខម»នេះគឺ​​ «ខ្មែរ»នោះឯង។ «ខម»នេះ​ បើតាមអ្នកភាសាវិទូបានបកស្រាយប្រាប់ខ្ញុំ គឺជាសំនៀងភាសាសៀម​សម្រាប់ពាក្យ​​ខ្មែរថា «ក្រោម» ពោល​គឺសំដៅអ្នកស្រុកផ្នែកខាងក្រោម​ ដែលសំដៅមកខ្មែរយើង។​ ​​

៣.​​​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើតាមគ្រប់រូបភាព តាមរយៈការផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ​ មានការរៀបចំជាព្រឹត្តិការណ៍វប្បធម៌ធំៗ​ ការទាមទារ​យកវត្ថុបុរាណពីបរទេស​ ការចុះបញ្ជីបេតិកភណ្ឌជាមួយអង្គការយូណេស្កូ​​... គឺក្នុងបំណងការពារ ​និងលើកតម្កើងនូវកិត្យានុភាព​ អត្តសញ្ញាណ ព្រមទាំងសិល្បៈ វប្បធម៌​ ប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ​ តាមលទ្ធភាពដែលអាចធ្វើទៅបាន​។​

៤.​ ក្រសួងតែងតែយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដល់វប្បធម៌ជាតិ​ ដោយបានចាត់វិធានការតាមផ្លូវច្បាប់នានា ដោយមានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិនានា​​ ជាពិសេសគឺការចូលរួមរបស់បងប្អូនជនរួមជាតិតែម្តង

ជាទីបញ្ចប់​ ខ្ញុំសូមអរគុណដល់ម្ចាស់ផេក វប្បធម៌ខ្មែរ ជាអនេក​ និងសង្ឃឹមថា លោកនឹងបន្តជួយជ្រោមជ្រែងការពារប្រយោជន៍ជាតិតទៅមុខទៀត។​ ដោយគោរពពីខ្ញុំ»។ នេះជាការស្រាយចម្ងល់របស់ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ប៉ុក បូរក្ស។

គួរជម្រាបថា តាមរយៈការស្រាយបំភ្លឺពីសំណាក់លោក ប៉ុក បូរក្ស ពេលនេះបានធ្វើឲ្យបងប្អូនប្រជាជនខ្មែរ ជាពិសេសអ្នកដែលរមែងយកចិត្តទុកដាក់ចូលរួមចំណែកថែរក្សា ការពារ និង​លើកតម្កើងតម្លៃសិល្បៈវប្បធម៌ខ្មែរយើង មានការពេញចិត្តជាខ្លាំង ខណៈចម្ងល់របស់ពួកគេត្រូវបានបំភ្លឺ និងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំពាក់ព័ន្ធ និងកិច្ចការងារសិល្បៈវប្បធម៌៕