(ម៉ាឌ្រីដ)៖ Eden Hazard ទំនងជាអវត្តមានរហូតដល់ចប់រដូវកាលនេះ ដោយសារបញ្ហារបួសកជើងនាពេលថ្មីៗនេះ និងអាចខកខានជួយក្រុមជម្រើសជាតិបិសាចក្រហមប៊ែលហ្សិកលេងនៅ Euro 2020 ផងដែរ ប្រសិនបើរបួសជាមិនទាន់ពេល។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុន Real Madrid ប៉ះ Manchester City រាត្រីនេះនៅ UEFA Champions League លោក Zinedine Zidane បានឲ្យដឹងថា «ខ្ញុំមិនច្បាស់ពីការវិលចូលទីលានម្តងទៀតរបស់ Hazard នោះទេ ទំនងជាចប់រដូវកាលក៏ថាបាន»

កីឡាករវ័យ ២៩ឆ្នាំខាងលើនេះ ទើបតែចូលលេងបាន ២ប្រកួតប៉ុណ្ណោះ ក្រោយពីជាសះស្បើយពីរបួសកជើងដូចគ្នា និងរបួសជាថ្មីទៀត ពេល Real Madrid លេងចាញ់ម្ចាស់ផ្ទះ Levante ១-០ នៅ La Liga កាលពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០ ដែលធ្វើឲ្យរូបគេទើបរកបាន ១គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ១៥ប្រកួតរបស់គេនារដូវកាលនេះ។

យ៉ាងណាក៏ដោយ Eden Hazard ជាសមាជិកម្នាក់ដែលបានជួយឲ្យប៊ែលហ្សិកឈរនៅកំពូលតារាង World FIFA Ranking បច្ចុប្បន្ន អាចនឹងខកខាន Euro 2020 ដែលនឹងចាប់ផ្តើមនាថ្ងៃទី១២ ខែមិថុនាខាងមុខ គ្រាដែលរូបគេ ជាកីឡាករសំខាន់១រូបដែលជួយក្រុមបិសាចក្រហមឈ្នះជើងឯក Euro ផងដែរ៕