(សេអ៊ូល)៖ តារាកូរ៉េប្រុសស្រីល្បីឈ្មោះពីររូប ដែលត្រូវជាគូស្នេហ៍នឹងគ្នាគឺលោក Kim Woo Bin និងកញ្ញា Shin Min បានបរិច្ចាកទឹកប្រាក់ផ្ទាល់ខ្លួនក្នុងម្នាក់ចំនួន ១០០លានវ៉ុន ឬស្មើរនឹងជាង ៨ម៉ឺនដុល្លារអាមេរិក ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុសប្រភេទថ្មី។ នេះបើយោងតាមការដកស្រង់ការចេញផ្សារពីសារព័ត៌មាន Koreaboo នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមមូលនិធិករបស់កូរ៉េខាងត្បូង (The Seoul Social Welfare Fundraise) បានឲ្យដឹងថា តារាល្បីទាំងពីរនាក់ បានបរិច្ចាកទឹកប្រាក់ចំនួន ៨៣.០០០ដុល្លារ ក្នុងម្នាក់ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃ Covid-19 ក៏ដូចជាដើម្បីចូលរួមការពារប្រជាជនងាយរងគ្រោះ។ អង្គការបានពន្យល់ថា ប្រជាជនដែលមិនសូវមាន ឬខ្វះខាតថវិការ គឺមានភាពលំបាកខ្លាំងណាស់ក្នុងការទិញរបស់ដែលចាំបាច់ ដើម្បីការពារខ្លួនពីកូរ៉ូណាវីរុស។ អង្គការ នឹងប្រើប្រាស់ទឹកប្រាក់បរិច្ចាករបស់ពួកគេ ឲ្យសមស្របតាមតម្រូវការ ជាពិសេសទិញរបាំងមុខ និងទឹកសំអាតដៃ សម្រាប់ប្រជាជន។

គួរជម្រាបថា តារាប្រុសស្រីល្បីឈ្មោះទាំងពីរគឺ Kim Woo Bin និង Shin Min បានបង្ហាញទំនាក់ទំនងជាមួយគ្នាជាសាធារណៈរយៈពេលជាង៥ឆ្នាំមកហើយ។ ពួកគេទាំងពីរគឺជាតារាជួរមុខរបស់កូរ៉េខាងត្បូង ហើយពួកគេក៏ត្រូវបានគេដឹងថា តែងតែធ្វើនូវកិច្ចការសប្បុរសធម៌ជាបន្តបន្ទាប់ផងដែរ៕