(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀងបានទទួល ៣ពិន្ទុដំបូងហើយ បន្ទាប់ពីយកឈ្នះក្រុមជើងឯកលីគកំពូលឥណ្ឌូនេស៊ី Bali United ដោយលទ្ធផល ២-១ ក្នុងប្រកួតទី២ នៃពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2020 ពូល G ដែលទើបបញ្ចប់ការប្រកួតមុននេះ នៅពហុកីឡដ្ឋានជាតិ។

ការប្រកួតដ៏ជក់ចិត្តនេះ ក្រុមជើងឯកលីគកំពូលកម្ពុជា បានបើកការនាំមុខក្រុមភ្ញៀវ ២គ្រាប់មុន នៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ ហ៊ួយ ផល្លីន និងកីឡាករ Privat ។ លុះចូលវគ្គទី២ ក្រុម Bali United បានព្យាយាមវាយបកយ៉ាងខ្លាំង តែវាយបកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ។ រីឯក្រុមលោក Conor Nestor ក៏មានឱកាសដែរ តែធ្វើមិនបានសម្រេច ដែលធ្វើឲ្យចប់ការប្រកួតព្រះខ័នរាជស្វាយរៀង ឈ្នះ Bali United ២-១ ។

ជាមួយការដណ្ដើមបានជ័យជម្នះដំបូង ក្នុងចំណោម ២ប្រកួតនេះដែរ បានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង ទទួលបាន ៣ពិន្ទុស្មើក្រុម Bali United ព្រោះប្រកួតដំបូង ក្រុមមកពីឥណ្ឌូនេស៊ីនេះ បានយកឈ្នះក្រុមវៀតណាម Than Quang Ninh ដោយលទ្ធផល ៤-១ ខណៈក្រុមព្រះខ័នរាជស្វាយរៀង ចាញ់ក្រុម Ceres Negros របស់ហ្វីលីពីន ៤-០ កាលពីប្រកួតបើកឆាក៕