(ភ្នំពេញ)៖ លោក អ៊ិន សុភិន ស្ថាបនិកក្រុមមហាហង្សអលស្ដារ បានបង្ហាញនូវទំនុកចិត្តកាន់តែខ្ពស់ បន្ទាប់ពីក្រុមខ្លួនបានយកឈ្នះក្រុមប្រជុំដោយកីឡាករបរទេស Mambo Phnom Penh ដោយលទ្ធផល ២-០ ក្នុងសប្ដាហ៍ទី២ នៃពានរង្វាន់ KW Cambodia League លើកទី៩ ឆ្នាំ២០២០ នៅទីលាន KMH Park កាលពីចុងសប្ដាហ៍កន្លងទៅ។

ស្ថាបនិកក្រុមមានតារាចូលរួមនេះបានឲ្យដឹងថា នេះគឺជាលើកដំបូង ដែលក្រុមខ្លួនបានចូលរួមប្រកួតពានពាក់កណ្ដាលអាជីពដ៏ធំនេះ ហើយលោកពិតជារីករាយ ក្នុងការដណ្ដើមបាន ៦ពិន្ទុពេញពីការប្រកួត ២ប្រកួតបើកឆាក ពិសេសជ័យជម្នះលើក្រុមសម្បូរកីឡាករបរទេស Mambo PP ដែលធ្វើឲ្យក្រុមខ្លួនកាន់តែមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្ពោះទៅប្រជែងលទ្ធផលល្អក្នុងពាននេះ។

មហាហង្សអលស្ដារ បានដាក់គោលដៅរក្សាឲ្យបាននូវចំណាត់ថ្នាក់ចន្លោះពីលេខ៣ ទៅលេខ១។ ប៉ុន្ដែទន្ទឹមជាមួយគ្នា លោកក៏មានការបារម្ភ ចំពោះក្រុមខ្លាំងៗមួយចំនួនដែរ ពិសេសក្រុមការពារតំណែងជើងឯក ISI Dangkor Senchey។ តែលោកនឹងខិតខំពង្រឹងក្រុមឲ្យបានខ្លាំង ដោយមានការហ្វឹកហាត់ ការប្រមូលផ្ដុំត្រឹមត្រូវ ដើម្បីត្រៀមជួបក្រុមខ្លាំងទាំងនោះ។ លោក អ៊ិន សុភិន បន្ថែម។

ក្រឡេកមកចាប់អារម្មណ៍លទ្ធផលការប្រកួតពានរង្វាន់ KW Cambodia League សប្ដាហ៍ទី២ វិញ បន្ទាប់ពីក្រុមមហាហង្សអលស្ដារ គេឃើញមាន ៥ក្រុមផ្សេងទៀតដែលបន្ដកំណត់ត្រាឈ្នះ រួមមានក្រុម ISI Dongkor Senchey យកឈ្នះក្រុម Khmer United-B ១០-១, ក្រុម Khmer United-A ឈ្នះក្រុម Pitou FC ៧-០, ក្រុម TN Kandal ឈ្នះក្រុមយុវជនវត្តវ៉ារិន ២-០, ក្រុមក្រុម Sniper FC យកឈ្នះក្រុម PMU ៥-២ និងក្រុម Avatar ឈ្នះក្រុម Bayon Wanderers ៣-២៕