(ក្រុងមីឡេន)៖ ថ្នាក់ដឹកនាំនៃក្លឹប Inter Milan បានប្រកាសពីការលេងបិទទ្វារក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Europa League ពោលគឺពេលប៉ះ Ludogrets ជើងទី២ នៃវគ្គ ៣២ក្រុមចុងក្នុងសប្តាហ៍នេះ ដោយសារភ័យខ្លាចនឹងជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា។

Inter ជាក្រុម១ ក្នុងចំណោម ៤ក្រុមរបស់អ៊ីតាលីដែលបានពន្យារពេលការប្រកួតលីគកំពូល Serie A កាលពីចុងសប្តាហ៍កន្លងទៅ ដោយសារការផ្ទុះជំងឺកូរ៉ូណានៅក្នុងប្រទេសស្ថិតនៅទ្វីបអឺរ៉ុបមួយនេះ។

ការសម្រេចលេងបិទទ្វារកីឡដ្ឋានដោយមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនានោះ ត្រូវបានធ្វើឡើងប្រមុខដឹកនាំ សហព័ន្ធអ៊ីតាលីជួបពិភាក្សាគ្នាជាមួយ UEFA កាលពីរាត្រីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន គ្រាដែលប្រទេសនេះ (អ៊ីតាលី) បានរកឃើញមានកូរ៉ូណា ១៦៥ករណីច្រើនជាងគេនៅអឺរ៉ុបរួចមក។

បន្ថែមលើនេះ សាលារៀន មហាវិទ្យាល័យ និងប្រព័ន្ធដឹកជញ្ជូនក្នុងស្រុកនៅអ៊ីតាលីជាច្រើនកន្លែងក៏ត្រូវបានបិទទ្វារផងដែរ ដោយសារការភ័យខ្លាចនៃ Coronavirus នេះ៕