(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញនូវកម្មវិធីប្រកួតក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ក្នុងព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុនហើយ ក្រោយធ្វើការចាប់ឆ្នោត ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល B កាលពីពេលថ្មីៗ។

សម្រាប់ពូល B នេះដែរ ក្រុម U19 កម្ពុជា គឺត្រូវប្រជែងជាមួយគូប្រជែង ៣ក្រុមទៀត រួមមានក្រុមជម្រើសជាតិ U19 ទីម័រខាងកើត, ក្រុមជម្រើសជាតិ U19 មីយ៉ាន់ម៉ា និងក្រុមម្ចាស់ផ្ទះជប៉ុន Kagoshima United U-18 ។ ចំពោះប្រកួតបើកឆាកក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុម U19 ទីម័រខាងកើតមុនគេ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈស្អែកនេះ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អន្ដរជាតិនេះ គឺមានក្រុមមកពី ៦ប្រទេសចូលរួម ក្នុងនោះមានក្រុមម្ចាស់ផ្ទះជប៉ុន ៣ក្រុម និងទៅពីតំបន់អាស៊ីអាគ្នេយ៍ ៥ក្រុម មានកម្ពុជា ទីម័រខាងកើត, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងឡាវ ក្រោយមានក្រុមមួយចំនួន បានប្រកាសដកខ្លួនមិនចូលរួម ដូចជាថៃ វៀតណាម ឥណណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រ៊ុយណេជាដើម ។

ចំពោះការប្រកួតគ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី២៦-២៩ ខែកុម្ភៈនេះ ។ គោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីផ្ដល់នូវមូលដ្ឋានគ្រឹះបាល់ទាត់ដល់យុវជន ក៏ដូចជាការរឹតចំណងមិត្តភាព ចំណេះដឹង វប្បធម៌ សម្រាប់យុវជនជប៉ុន ជាមួយយុវជនបណ្ដាប្រទេសអាស៊ាន តាមរយៈការចូលរួមប្រកួតពានរង្វាន់ JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នេះ៕