(ភ្នំពេញ)៖​ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមជើងឯកលីគកំពូលឥណ្ឌូនេស៊ី Bali United នាវេលាម៉ោង ៦៖០០នាទីល្ងាចនេះ នៅក្នុងប្រកួតទី២ នៃពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2020 ពូល G នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) រាជធានីភ្នំពេញ ។

ថ្លែងក្នុងសន្និសីទិសារព័ត៌មាន មុនការប្រកួតកាលពីល្ងាចថ្ងៃច័ន្ទ លោក Conor Nestor គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា បានសម្ដែងការស្វាគមន៍ ចំពោះក្រុមខ្លាំងឥណ្ឌូនេស៊ី Bali United ក្នុងការធ្វើដំណើរមកកម្ពុជា ហើយក្រុមខ្លួនក៏បានត្រៀមរួចរាល់ ដើម្បីទទួលការប្រកួតដ៏សំខាន់នេះដែរ ។

គ្រូបង្វឹកជនជាតិអៀរឡង់រូបនេះបន្ដថា នេះជាការប្រកួតដែលលោកទន្ទឹងរង់ចាំ ព្រោះជាការប្រកួតក្នុងដី ហើយលោករំពឹងថា ក្រុមខ្លួននឹងធ្វើបានល្អជាងការប្រកួតទី១ ជាមួយក្រុម Ceres Negros របស់ហ្វីលីពីន បន្ទាប់ពីមានការត្រៀមខ្លួនបានល្អជាងមុន ។ លោកសង្ឃឹមថា នឹងមានអ្នកគាំទ្រចូលរួមទស្សនាការប្រកួតនេះ ។

ដោយឡែកលោក Eko Purjianto គ្រូជំនួយក្រុម Bali United បានអះអាងថា ទោះបីព្រះខ័នរាជស្វាយរៀង បានចាញ់ Ceres Negros ៤-០ តែក្រុមលោកមិនប្រហែសដែរ ព្រោះយ៉ាងណាលោកទទួលស្គាល់ក្រុមព្រះខ័នរាជស្វាយរៀង គឺជាក្រុមល្អ និងមានកីឡាករល្អៗច្រើន ទាំងកីឡាករក្នុងស្រុក និងបរទេស ។ ប៉ុន្ដែក្រុមលោកនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីដណ្ដើម ៣ពិន្ទុត្រឡប់ទៅផ្ទះវិញ ។

គួរបញ្ជាក់ថា ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុម Bali United គឺស្ថិតក្នុងពូល G ជាមួយក្រុម Ceres Negros របស់ហ្វីលីពីន និងក្រុម Than Guang Ninh របស់វៀតណាម ។ បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងឈរបាតារាងមាន ០ពិន្ទុ ស្របពេលក្រុម Bali United បានលត់ក្រុមវៀតណាម Than Guang Ninh ៤-១ កាលពីពេលថ្មីៗកន្លងទៅ មុនធ្វើដំណើរមកតតាំងជាមួយក្រុមជើងឯកលីគកំពូលកម្ពុជាល្ងាចនេះ៕