(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានគាំទ្រពេញទំហឹង ចំពោះការបង្កើតកម្មវិធីប្រដាល់ថ្មីមួយទៀតរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលបានសហការជាមួយក្រុមហ៊ុន Khmer Beverages រៀបចំការប្រកួតពានរង្វាន់អ្នកប្រដាល់គុនខ្មែរ ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដោយផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេងទម្ងន់ ៦០គីឡូក្រាមចំនួន ៨រូប បានធ្វើការប្រកួតប្រជែង និងអភិវឌ្ឍសមត្ថភាពពួកគេ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធ បានថ្លែងក្នុងពិធីបើកការប្រកួត កាលពីថ្ងៃអាទិត្យម្សិលមិញ នៅសង្វៀនបាយ័នស្ទឹងមានជ័យថា កម្មវិធីនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការផ្ដល់ឱកាសឲ្យកីឡាករកម្រិត C ឬ B បានចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ ដើម្បីជាលើកទឹកចិត្ត និងជំរុញពួកគេឲ្យកាន់តែខិតខំប្រឹងប្រែង ស្របតាមចក្ខុវិស័យរបស់សហព័ន្ធ ក្នុងចម្រាញ់នូវធនធានកីឡាករល្អៗ សម្រាប់ត្រៀមស៊ីហ្គេម នាឆ្នាំ២០២៣ ។

លោក នាង ស៊ីវុត្ថា ប្រធានគ្រប់គ្រងផ្គូរផ្គង់កម្មវិធីប្រដាល់ប្រចាំសង្វៀនបាយ័ន បញ្ជាក់ថា កម្មវិធីថ្មីនេះ គឺជ្រើសរើសសុទ្ធតែកីឡាករខ្មែរ ដែលវ័យក្មេង និងមានសមត្ថភាពមកធ្វើការប្រកួត ក្នុងទិសដៅរួមចំណែកអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ។ ក្នុងចំណោមបេក្ខភាព ៨នាក់ គឺបែងចែកជា ២ពូល ដោយពូល A មានកីឡាករ ឡុង សំណាង, ប៊ុន សុផុត, ថាន់ ប៊ុនរុង និង អៀម លីឆា ខណៈពូល B មានកីឡាករ សូត្រ សាណូ, អេលីត ឡុងឡឺ, ម៉ិល សារុន និង ធា វាសនា ។

ចំពោះរូបមន្ដប្រកួត បន្ទាប់ពីធ្វើការប្រកួតវិលជុំក្នុងពូល កីឡាករមានពិន្ទុខ្ពស់ជាងគេ ២រូបក្នុងពូលនីមួយៗ នឹងត្រូវឡើងទៅប្រកួតវគ្គខ្វែង ដើម្បីចម្រាញ់រកជើងខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ ។ រីឯប្រាក់រង្វាន់ កីឡាករលេខ១ នឹងទទួលបាន ៣,០០០ដុល្លារ, លេខ២ ទទួលបាន ២,០០០ដុល្លារ, លេខ៣ ទទួលបាន, ១,០០០ដុល្លារ និងលេខ៤ ទទួលបាន ៧៥០ដុល្លារ ។ លើសពីនេះ អ្នកដណ្ដើមបានជ័យលាភី ក៏នឹងទទួលបានឱកាសពិសេស ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីផ្សេងៗទៀត ។

ដោយឡែកលទ្ធផលប្រកួតសន្សំពិន្ទុបើកឆាកថ្ងៃដំបូងវិញ សម្រាប់ពូល A កីឡាករ ប៊ុន សុផុត បានផ្ដួលកីឡាករ ឡុង សំណាង ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ ដោយការប្រើជើងទាត់ធ្ងន់ៗចំពោះទឹក ហើយស្រដៀងគ្នា នឹងជ័យជម្នះរបស់ សុផុត កីឡាករ អេលីត ឡុងឡឺ ក៏បានប្រើស្នៀតនេះ ផ្ដួលកីឡាករ សូត្រ សាណូ ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី៣ ផងដែរ៕