(មែនឆេស្ទើ)៖ ខ្សែបម្រើចំណូលថ្មី Bruno Fernandes បានស៊ុតគ្រាប់បាល់ដំបូងឲ្យក្រុម Manchester United ក្នុងការយកឈ្នះក្រុម Watford ដោយលទ្ធផល ៣-០ នៃជំនួបសប្តាហ៍ទី២៧ ស្ថិតក្នុងលីគកំពូលអង់គ្លេស Premier League 2019-2020 ដែលការប្រកួតនេះធ្វើឡើងនាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២០ គ្រាដែលនៅសល់តែ ១១ប្រកួតទៀតប៉ុណ្ណោះត្រូវបញ្ចប់។

ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Bruno រកបានគ្រាប់នាំមុខនៅនាទី៤២ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេច ហើយខ្សែប្រយុទ្ធ Anthony Martial រកបានគ្រាប់ទី២ នៅនាទី៥៨ និង Mason Greenwood រកបានគ្រាប់ទី៣ នៅនាទី៧៥ ដោយលទ្ធផលនេះបានធ្វើឲ្យ Man Utd រកបាន ៤១ពិន្ទុ ឈរលេខរៀងទី៥ ក្នុងតារាង ខណៈក្រុម Watford បានស្ថិតនៅតំបន់កាត់ចោលបាតតារាង។

គ្រាប់ស៊ុតដំបូងរបស់ខ្សែបម្រើ Bruno ដែលត្រូវបានក្លិប Manchester United ទើបទិញបានក្នុងតម្លៃ ៤៧លានផោនពីក្លិប Sporting Lisbon ហើយជំនួបបន្ទាប់របស់ក្រុមលោក Ole Solskjaer ត្រូវបន្តជួបក្រុម Club Brugge ជើងទី២ ក្នុងទឹកដី Old Trafford នៅថ្ងៃទី២៨ ខែកុម្ភៈ មុនពេល នៅ Premier League ក្រុមនេះត្រូវទៅជួបក្រុម Everton នៅសប្តាហ៍ទី២៨៕