(ប៉ារីស)៖ ក្រុមការពារជើងឯក Paris Saint Germain បានយកឈ្នះគូប្រជែង Bordeaux ៤-៣ ក្នុងសប្តាហ៍ទី២៦ នៃ Ligue 1 គ្រាដែល Neymar ត្រូវបានពិន័យកាតក្រហម (កាតលឿង ២ដង) គិតចាប់តាំងពីឆ្នាំ២០១៧ មក។

នេះជាលើកទី១ សម្រាប់ខ្សែប្រយុទ្ធប្រេស៊ីល Neymar ដែលត្រូវបានពិន័យកាតក្រហម គិតចាប់តាំងពីខែតុលា ឆ្នាំ២០១៧ មក នៅពេលដែលប៉ះទង្គិចជាមួយ Yacine Adli របស់ក្លិប Bordeaux នាយប់មិញនេះនៅកីឡដ្ឋាន Parc des Princes។

ក្នុងជំនួបនោះដែរ កីឡាករប្រេស៊ីល Marquinhos រកបាន ២គ្រាប់ ក្នុងនាមជាខ្សែការពារដែលត្រូវបានដាក់ចូលលេងជំនួបប្រធានក្រុម Thiago Silva ដែលមានបញ្ហារបួសសាច់ដុំ ហើយក៏ជាការរកបាន ២គ្រាប់ដំបូងរបស់គេដែរ គិតចាប់តាំងពីបានចូលរួមជាមួយ PSG កាលឆ្នាំ២០១៣ គ្រាដែលមិត្តរួមក្រុម Edinson Cavani វ័យ ៣៣ឆ្នាំរកបាន ១គ្រាប់ដែរកើនគ្រាប់ស៊ុតបាន ២០០គ្រាប់ឲ្យ PSG គិតចាប់តាំងពីឆ្នាំ២០១៣។

តាមរយៈជ័យជម្នះនេះដែរ មានន័យថា ក្រុមការពារជើងឯកដែលកំពុងដឹកនាំដោយលោក Thomas Tuchel បន្តនាំមុខកំពូលតារាង Ligue 1 ដាច់ ១៣ពិន្ទុដដែលគិតត្រឹមសប្តាហ៍ទី២៦ ជើងទី៦ គ្រាដែល Marseille ក្រុមលេខ២ បានចាញ់ក្រុមភ្ញៀវ ៣-១ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន៕