(ភ្នំពេញ)៖ និយាយពីរឿង «ថៅកែចិត្តចោរ» គឺមានមហាជនច្រើនណាស់ដែលដឹង និងធ្លាប់តាមដានរឿងមួយនេះ ខណៈតួអង្គសំខាន់ក្នុងរឿងនេះ គឺលោកគ្រូ អន សុភៈ ដែលជាគ្រូបង្ហាត់បង្រៀនផ្នែកល្ខោននិយាយ ក៏មានល្បីល្បាញខ្លាំងតាមរយៈរឿងនេះដែរ។ យ៉ាងណាមិញ ពេលនេះលោកគ្រូ កំពុងទទួលបានការចាប់អារម្មណ៍ជាថ្មី តាមរយៈចូលរួមសម្តែងក្នុងភាពយន្ត «អន្ទាក់ស្នេហ៍» ដែលសម្តែងជាតួអង្គចាស់ព្រើ ខ្វះសីលធម៌ យកលុយមាសប្រាក់ ទាក់ក្រមុំវ័យក្មេងមកធ្វើប្រពន្ធ។ ក្រៅពីការងារសិល្បៈ តើលោកគ្រូ អន សុភៈ មានប្រវត្តិកម្សត់យ៉ាងណាទៅ?

ខាងក្រោមនេះ គឺជាប្រវត្តិរបស់លោកគ្រូ អន សុភៈ ដែលទស្សនិកជនមិនធ្លាប់បានដឹងពីមុនមក៖

១. លោកគ្រូ អន សុភៈ ប្រឈមនឹងការបាត់បង់ជីវិតជាច្រើនលើកច្រើនសារ ក្នុងសម័យខ្មែរក្រហម ដោយសារបញ្ហាសុខភាព និងការស្រែកឈ្លាន គ្មានអ្នកថែរក្សា។​ ក្រោយមក រូបលោកបានបាត់បង់សមាជិតគ្រួសារ គ្មានទីពឹង តែដោយ​លោកមានប្រវត្តិរៀនសូត្រផ្នែកសិល្បៈល្ខោននិយាយ និងមានទេពកោសល្យ រូបលោកត្រូវបាន លោកព្រឹទ្ធាចារ្យ ឆេង ផុន ដែលធ្លាប់ជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលចិញ្ចឹមទុកដូចកូនបង្កើត។

២. លោកគ្រូ បានបន្តស្នាដៃសម្ដែងសិល្បៈ និងរៀនសូត្រតាមគន្លងការអប់រំរបស់ ព្រឹទ្ធាចារ្យ ឆេង ផុន ហើយបានទទួលឱកាសជាបន្តបន្ទាប់ទៅរៀននៅបរទេសផ្នែកសិល្បៈដឹកនាំរឿង និងល្ខោននៅប្រទេសអភិវឌ្ឍនខៅលោកខាងលិច ហើយក៏ត្រឡប់មកស្រុកខ្មែរវិញ។

៣. តួអង្គ តាចន ក្នុងរឿង «អន្ទាក់ស្នេហ៍» រូបនេះបានចាប់ផ្ដើម​មានជំងឺជាប់ខ្លួន ដែលពិបាកក្នុងព្យាបាល តែរូបលោកនៅតែព្យាយាមក្នុងការងារជាអ្នកនិពន្ធអត្ថបទ និងបង្រៀនដល់សិស្សនិសិ្សត​ផ្នែកសិល្បល្ខោននិយាយ។​ និយាយដល់បញ្ហាជំងឺ លោកគ្រូ អន សុភៈ មានភាពលំបាកយ៉ាងខ្លាំង តែដោយការជួយជ្រោមជ្រែងពី លោកព្រឹទ្ធាចារ្យ ឆេង ផុន និងគ្រួសារ បានធានាព្យាបាលរូបលោករហូតដល់ជាសះស្បើយ។

៤. លោកគ្រូ អន សុភៈ បានបន្តការងារក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបម្រើក្នុងវិស័យសិល្បៈ ជាសិល្បករសម្ដែងល្ខោននិយាយ និងជាគ្រូបង្ហាត់បង្រៀនល្ខោននិយាយ រហូតមកដល់បច្ចុប្បន្ន។ ថ្មីៗនេះ លោកគ្រូ អន សុភៈ ជាតារាសម្ដែងជើងចាស់ ដ៏ជំនាញម្នាក់ ក្នុងវិស័យសិល្បៈទី៧នេះ។ លោកគ្រូ មានកិតិ្តនាមយ៉ាងល្បីសម្ដែងជាតួ ថៅកែចិត្តចោរ ក្នុងរឿង ល្ខោននិយាយ «ថៅកែចិត្តចោរ» ហើយថ្មីនេះនេះ រូបលោកក៏ជាតួអង្គក្នុងរឿង «អន្ទាក់ស្នេហ៍» ដែលកំពុងបញ្ចាំងគ្រប់រោងភាពយន្តផងដែរ៕