(លីវើភូល)៖ Jordan Henderson ប្រធានក្រុមបាល់ទាត់ហង្សក្រហម Liverpool នឹងអវត្តមានរយៈពេល ៣សប្តាហ៍ ដោយសារបញ្ហារបួសសរសៃពួរជើង នៅអំឡុងប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Atletico Madrid ជើងទី១ នៃ UEFA Champions League។

លោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool បានថ្លែងប្រាប់ BBC ថា ប្រធានក្រុមដែលជាជនជាតិអង់គ្លេស Henderson នឹងខកខានជួយក្រុមរយៈពេល ៣សប្តាហ៍ នេះមានន័យថា រូបគេនឹងអវត្តមានក្នុងជំនួបជើងទី២ ទល់នឹងក្រុមអេស្ប៉ាញ Atletico Madrid ក្នុងជើងទី២ វគ្គ ១៦ក្រុមចុងក្រោយពានអឺរ៉ុបនាដើមខែក្រោយនេះផងដែរ។

កីឡាករលេងក្នុងតំបន់បម្រើដែលមានវ័យ ២៩ឆ្នាំ Hederson ត្រូវបានប្តូរចេញនៅនាទី៨០ បន្ទាប់ពីមានបញ្ហារបួស ដោយជំនួសមកវិញដោយមិត្តរួមក្រុមជនជាតិអង់គ្លេសដូចគ្នា James Milner ក្នុងជំនួងដែលក្រុមការពារជើងឯកមួយនេះ ចាញ់ម្ចាស់ផ្ទះ Atletico Madrid តែ ១-០ ប៉ុណ្ណោះ៕