(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជន ប្រាកដជាស្គាល់ច្បាស់ពីតារាចម្រៀងវ័យក្មេង រូបរាងសង្ហា​​​កំពុងមានប្រជាប្រិយភាព និងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន រាល់ការច្រៀង Cover បទចម្រៀងមរតកដើមជាច្រើនបទ ​សុទ្ធតែមានអ្នកចូលទស្សនារាប់លានដង។ ជាពិសេសនោះ បទ «ក្លិនផ្កាម្លិះ» គឺលោក អៀង វុត្ថា។ យ៉ាងណាមិញ ធ្លាប់តែលើកយកបទមរតកដើម មកច្រៀង Cover ឡើងវិញ ពេលនេះ លោក អៀង វុត្ថា កំពុងតែធ្វើឲ្យទស្សនិកជន​ចាប់អារម្មណ៍ កាន់តែខ្លាំងថែមទៀត ក្រោយពីប្រុសសង្ហា​រូបនេះ បានបញ្ចេញនូវបទចម្រៀង ដែលជា Original Song របស់ខ្លួន​ជាលើកដំបូង មានចំណងជើងថា «អាយ៉ា​អាយ៉ាប់»។

ពេលនេះ ដើម្បីធ្វើឲ្យទស្សនិកជន កាន់តែចាប់អារម្មណ៍បន្ថែមទៀត លោក អៀង វុត្ថា បានបញ្ចេញនូវ Origial Song មួយបទ មានចំណងជើងថា «អាយ៉ា​អាយ៉ាប់» ខណៈដែលចម្រៀងមួយបទនេះ គឺជាស្នាដៃនិពន្ធទំនុកច្រៀង ដោយលោកផ្ទាល់តែម្ដង។ តាមរយៈចម្រៀងមួយបទនេះ កំពុងទទួលបានការគាំទ្រ និងពេញនិយមច្រើន ពីទស្សនិកជន ពិសេសមិត្តៗយុវវ័យ ព្រោះទាំងអត្ថន័យ ទាំងការបកស្រាយ ទាំងចង្វាក់ភ្លេង គឺពីរោះរណ្ដំ ប្លែក និងមានភាពទាក់ទាញខ្លាំង។ ម្យ៉ាងវិញទៀត នេះជាបទចម្រៀងដែលជារសជាតិថ្មី ក៏ដូចជាអារម្មណ៍ថ្មី មួយបែបទៀត សម្រាប់ទស្សនិកជន ខណៈកន្លងមក​គេធ្លាប់តែឃើញលោក បកស្រាយបទមរតកដើម បានយ៉ាងពីរោះពោរពេញទៅដោយទឹកដមសំឡេង ផ្អែមស្រទន់។

ជាមួយគ្នានេះ ទស្សនិកជនជាច្រើន ដែលបានចូលទៅទស្សនា ក៏ដូចជាបានសណ្ដាប់​នូវបទចម្រៀង «អាយ៉ា​អាយ៉ាប់» ដែលជា Original Song ដំបូងរបស់លោក អៀង វុត្ថា បានសម្ដែងនូវការកោតសរសើរ និងពេញចិត្តជាខ្លាំង ក៏ដូចជាបានធ្វើការចែករំលែកចម្រៀងមួយបទនេះ ពេញបណ្ដាញសង្គមតែម្ដង។

ចង់ដឹងថា «អាយ៉ា​អាយ៉ាប់» របស់លោក អៀង វុត្ថា ពីរោះកម្រិតណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ទាំងអស់គ្នា៖