(ភ្នំពេញ)៖ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈកាលពីពេលថ្មីៗនេះ បទចម្រៀង ដែលកំពុងតែផ្ទុះការគាំទ្រខ្លាំង នាដើមឆ្នាំ២០២០នេះ របស់តារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra កញ្ញា តន់ ច័ន្ទសីម៉ា គឺបទ «ឡានសារ៉ែន» ត្រូវបានតារាចម្រៀងស្រីថៃល្បីឈ្មោះនៅលើ YouTube ឈ្មោះ Ice យកទៅច្រៀង Cover ជាភាសាថៃទៀតផង។

ជាការពិតណាស់ ប្រិយមិត្តទស្សនិកជន ដែលនិយមស្តាប់បទចម្រៀងទាន់សម័យពីរោះៗបែប Acoustic នៅលើ Youtube ប្រាកដជាស្គាល់ហើយ នូវតារាចម្រៀងស្រីថៃ Ice ដែលភាគច្រើន នាងតែងតែថតវីដេអូច្រៀង Cover បទចម្រៀងល្បីៗ បានយ៉ាងពីរោះជាច្រើន ដោយបង្កើត Version ជារបស់ខ្លួនឯងខុសពីម្ចាស់ដើម និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ដោយវីដេអូរបស់នាងនីមួយៗ មានអ្នកចូលមើលរាប់លានដងឯណោះ។

ដោយឡែក លើកនេះ Ice ក៏បានជ្រើសរើសយកបទចម្រៀងខ្មែរ «ឡានសារ៉ែន» របស់តារាចម្រៀងកញ្ញា តន់ ច័ន្ទ សីម៉ា យកមកច្រៀង Cover ជាភាសាថៃ ជាចង្វាក់ Acoustic បានយ៉ាងពីរោះ និងបូកជាមួយនឹងមុខមាត់ស្រស់ស្អាត កាយវិការគួរឲ្យស្រឡាញ់ ធ្វើឲ្យបទចម្រៀងមួយបទនេះ កាន់តែមានរសជាតិថែមទៀត​។

ជាការកត់សម្គាល់ បទចម្រៀង «ឡនសារ៉ែន» របស់តារាចម្រៀង ក្នុងផលិតកម្ម Galaxy Navatra កញ្ញា តន់ ច័ន្ទសីម៉ា ពិតជាទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជនគ្រប់ស្រទាប់ ក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសមួយចំនួន ខណៈចម្រៀងមួយនេះ ត្រូវបានគេយកទៅបង្កើតជាក្បាច់រាំបង្ហោះចូលក្នុង Youtube និងពេលនេះត្រូវបានតារាចម្រៀងថៃល្បី យកច្រៀង Cover ជាភាសាថៃបន្ត​​។

ចង់ដឹងថា បទ «ឡានសារ៉ែន» Cover ជាភាសាថៃ ពីរោះនិងប្លែកយ៉ាងណា សូមប្រិយមិត្តទស្សនិកជនរីករាយទស្សនា នូវវីដេអូចម្រៀង​ទាំងអស់គ្នា៖