(ក្រុងឡុងដ៍)៖ ក្រុមកញ្ជ្រោងខៀវ Leicester City ត្រូវការសងសឹក Manchester City នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បន្ទាប់ពីពួកគេធ្លាប់ចាញ់ ៣-១ កាលពីជើងទី១ នៅ Premier League ក្នុងឆ្នាំ២០១៩ នៃកីឡដ្ឋាន Etihad។

សប្តាហ៍នេះការប្រកួតបាល់ទាត់ក្របខណ្ឌ English-Premier League បានឈានដល់សប្ដាហ៍ទី២៧ ដ៏តានតឹង ដោយក្រុមនីមួយៗ ប្រឹងប្រែងលើវាលស្មៅ សំដៅទៅរកជ័យជំនះយក ៣ពិន្ទុរៀងៗខ្លួនបន្ថែមទៀត ប្រចាំសប្តាហ៍នេះ។

ដោយឡែក សប្តាហ៍នេះ គឺពិសេសនឹងកក្រើកសង្វៀនវាលស្មៅក្នុងពិភពបាល់ទាត់ ដោយក្រុមជើងខ្លាំងៗប៉ះគ្នា ក្នុងនោះគឺក្រុមជើងខ្លាំង Leicester City ជាម្ចាស់ផ្ទះកំពុងឡើងជើងឈរលើចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Premier League ត្រូវប៉ះនឹងជើងខ្លាំងចំណាត់ថ្នាក់លេខ២ មេឃខៀវ Manchester City នៅរាត្រីថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ វេលាម៉ោង ១២៖៣០នាទីរំលងអធ្រាតនៅកីឡដ្ឋាន King Power។

ជំនួប ១គូទៀត គឺជាការជួបគ្នារវាង Southampton ប៉ះ Aston Villa នៅរាត្រីថ្ងៃសៅរ៍ដូចគ្នានាម៉ោង ១០យប់ ចំណែកឯជំនួបគូពិសេសមួយទៀត គឺក្រុមកាំភ្លើងធំ Arsernal កំពុងឈរនៅចំណាត់ថ្នាក់លេខ១០ ប៉ះ Everton ដែលឈរចំណាត់ថ្នាក់លេខ៩ នៅរាត្រីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ វេលាម៉ោង ១១៖៣០នាទីយប់ផងដែរ។

លទ្ធផលសប្តាហ៍មុនរួមមាន៖
-Southampton 1:2 Burnley FC
-Aston Villa 2:3 Tottenham Hotspur
-Wolverhamton 0:0 Leicester City
-Manchester City 2:0 West Ham
-Arsenal 4:0 Newcastle
-Everton 3:1 Crystal Palace។

ដូច្នេះ សប្តាហ៍ដ៏ពិសេសនេះ រង់ចាំទស្សនាទាំងអស់គ្នានៅស្ថានីយទូរទស្សន៍របស់ CBS នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ រួមទាំងការប្រកួតផ្សេងៗទៀតផងដែរ ក្នុងនោះគឺការផ្សាយបន្តផ្ទាល់គូពិសេសៗនូវក្របខណ្ឌ La Liga របស់ អេស្ប៉ាញផងដែរចូលមកដល់សប្តាហ៍ទី២៥ គឺ FC Barcelona ប៉ះ Eibar ហើយជំនួប ១គូទៀតគឺ Real Sociedad ប៉ះ Valencia។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា៕