(ភ្នំពេញ)៖ តារាហ្វេសប៊ុកល្បី កញ្ញា Bee Yobo ដែលរមែងឈឺឆ្អាលនឹងរឿងជនក្រិក្រក្នុងសង្គម និងវប្បធម៌បុរាណគួរអោយសរសើរ ថ្វីដ្បិតថានាងស៊ិច ប៉ុន្តែជារឿយៗនាងតែចេញមុខបរិច្ចាគជួយដល់ក្រុុមសិល្បៈបុរាណ ជួយបង្ហោះគាំទ្រល្ខោនខោល និងបរិច្ចាគលុយជួយដល់ទុរគតជនមិនលោះពេល។ ជាក់ស្ដែងកាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២០ មុននេះ នាងក៏បានផ្ដល់ថវិកា និងគៀគរសប្បុរសជនជួយថវិកា ដល់កូនប្រុសរបស់បុរសធ្លាក់ស៊ីក្លូ ដែលត្រូវរថយន្តកិនស្លាប់ ហើយអត់លុយធ្វើបុណ្យ កាលពីថ្ងៃទី១៨ កុម្ភៈ។

នៅលើហ្វេសប៊ុករបស់ កញ្ញា Bee Yobo បានសរសេរថា «ថ្ងៃនេះនាងខ្ញុំបានជួបជាមួយកូនលោកតាធាក់សុីក្លូ នាំយកទឹកប្រាក់បន្តិចបន្តួចដែលជាទឹកចិត្តនាងខ្ញុំផ្ទាល់ក៏ដូចជាបងស្រីរបស់នាងខ្ញុំ Bee Yobo Bee និងតំណាងចែកចាយរបស់ហាង Bee Yobo the Beauty Cosmetics រួមមានអង្ករ1បាវ មី1កេសធំ ត្រីខ1កេស ទឹកត្រី1យួរ សុីអៀវ1យួរ និងទឹកប្រាក់សរុប 270$ សូមជូនមគ្គផលដល់បងប្អូនទាំងអស់គ្នា ជួយគ្នាក្នុងគ្រាលំបាក»

គួរបញ្ជាក់ថា បុរសធ្លាក់ស៊ីក្លូ ដែលរងគ្រោះត្រូវរថយន្តបុកស្លាប់នោះ ឈ្មោះ កង អឿន អាយុ៧៧ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកប្រកបរបរធាក់សុីក្លូផង និងរើសអេតចាយ ផង។ រថយន្តដែលបុកលោកហើយរត់នោះ មិនស្គាល់ម៉ាក អត្តសញ្ញាណនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះបានកើតឡើងកាលពីវេលាម៉ោង០១:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចជិតដើមពោធិ៍ (ក្បែររូបសំណាក់ ព្រះបរមរតនកោដ្ឋ) លើផ្លូវសុរាម្រិត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕