(ភ្នំពេញ)៖ អតីតបវរកញ្ញាឯកធម្មជាតិកម្ពុជាឆ្នាំ២០១៧ កញ្ញា ទេព ម៉ាយ៉ារ៉ែត និងគូស្នេហ៍ បានដឹកដៃគ្នាចូលរោងការបញ្ចប់ជីវិតនៅលីវហើយនៅថ្ងៃនេះ ខណៈក្នុងពិធីទាំងមូល គេសង្កេតឃើញមានការរៀបចំ យ៉ាងអធឹកអធម ហើយអ្វីដែលកាន់តែពិសេសនោះ គឺមានវត្តមានចូលរួមយ៉ាងច្រើន ពីសំណាក់ក្រុមគ្រួសារ និងភ្ញៀវកិត្តិយសផងដែរ។

ជាការពិតណាស់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ អតីតជយលាភី កញ្ញាឯកធម្មជាតិឆ្នាំ២០១៧ កញ្ញា ទេព ម៉ាយ៉ារ៉ែត បានដឹកដៃគូស្នេហ៍ដែលជាបុរសសង្ហារ ចូលរោងការតាមប្រពៃណីខ្មែរ ដោយមានការជូនពរឪពុក ម្ដាយទាំងសងខាង។ ក្នុងថ្ងៃរៀបមង្គលការ ទេព ម៉ាយ៉ារ៉ែត ពិតជាមានភាពស្រស់ស្អាតសមសួន និងថ្លៃថ្នូរ ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីពណ៌ទឹកមាស រំលេចរូបសម្រស់ឲ្យកាន់តែមានភាពស្រស់ផូរផង់ គួរឲ្យចង់គយគន់។ ឯស្វាមីវិញ ក៏មានរូបរាងសង្ហារមិនចាញ់នាងប៉ុន្មាននោះឡើយ។

ងាកចេញពីភាពស័ក្ដិសមរបស់ គូស្វាមី-ភរិយាថ្មី ក្រឡេកទៅមើលការរៀបចំក្នុងពិធីទាំងមូលដែលរៀបចំ នៅដឺព្រឹមៀសែនសុខវិញ គឺពិតជាមានភាពស្រស់ស្អាត អមជាមួយនឹងផ្កាផ្ញី យ៉ាងល្អប្រណិតទៀតផង។

ដោយឡែក ក្នុងថ្ងៃរៀបការ កញ្ញាឯកធម្មជាតិឆ្នាំ២០១៧ ទេព ម៉ាយ៉ារ៉ែត និងស្វាមី បានទទួលនូវពាក្យពេចន៍ជូនពរ យ៉ាងច្រើន ពីសំណាក់ក្រុមគ្រួសារសាច់ញាតិ ជាពិសេសនោះ គឺបណ្ដាទស្សនិកជន ដែលតែងតែគាំទ្ររូបនាង នាពេលកន្លងមក ឲ្យមានក្ដីសុខសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ផងដែរ៕