(អាមេរិក)៖ បើតាមការបញ្ជាក់របស់ Republic Records តាមរយៈ Instagram នៅថ្ងៃទី១៩ ខែកុម្ភៈ បានឲ្យដឹងថា តារាចម្រៀងរ៉េបដែលកំពុងល្បីល្បាញ Pop Smoke បានស្លាប់ក្នុងវ័យ២០ឆ្នាំ ក្រោយករណីប្លន់ប្រដាប់អាវុធនៅផ្ទះរបស់លោក ស្ថិតក្នុងតំបន់ Hollywood ភាគខាងលិច កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពី billboard នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

បើយោងតាមសារព័ត៌មាន TMZ បានឲ្យដឹងថាតារាចម្រៀង Bashar Barakah Jackson ឬ តារារ៉េប Pop Smoke បាននៅក្នុងផ្ទះរបស់លោក វេលាម៉ោង ៤៖៣០នាទីព្រឹក ហើយក៏មានបុរសមិនស្គាល់អត្តសញ្ញាណ២នាក់ បានពាក់ម៉ាសបិទមុខ សម្រុកចូលផ្ទះរបស់ Jackson និងបានបាញ់កាំភ្លើងទៅលើលោកជាច្រើនគ្រាប់។ នេះបើយោងការបញ្ជាក់ប្រាប់ របស់អ្នករាយការណ៍ម្នាក់សុំមិនបញ្ចេញឈ្មោះ ប្រាប់ billboard។

អ្នករាយករណ៍ដដែលបានបន្តថា ភ្លាមនោះលោក Jackson ក៏បានរត់ទាំងត្រដាបត្រដួសទៅកាន់មន្ទីពេទ្យភាគខាងលិច តំបន់ Hollywood តែជាអកុសលក្រុមគ្រូពេទ្យមិនអាចសង្គ្រោះលោកបានហើយ ដោយបានស្លាប់នៅទីនោះ។ ជាមួយគ្នានេះដែរ ជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ៕