(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើប្រយុទ្ធសំខាន់ទាំងពីររួមមាន Rodri និង Kevin de Bruyne រកបានម្នាក់ ១គ្រាប់ក្នុងជំនួបដែលជួយក្រុមការពារជើងឯក Manchester City បំបាក់ក្រុមញញួរធំ West Ham United ២-០ ក្នុងជើងទី២ នៅ Premier League រាត្រីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

Rodri រកបានគ្រាប់ទី១ នៅនាទីទី៣០ មុនពេលមិត្តរួមក្រុមសញ្ជាតិប៊ែលហ្សិក Kevin De Bruyne រកបានគ្រាប់ទី២ នៅនាទីទី៦២ ក្នុងកីឡដ្ឋាន Etihad ដែលស្ថិតក្នុងទីក្រុង Manchester នៃប្រទេសអង់គ្លេសក្នុងការប្រកួតបញ្ចប់សប្តាហ៍ទី២២ ដែលត្រូវបានលើកពេល ដោយសារតែមានព្យុះ។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យ Man City បន្តឈរនៅលេខរៀងទី២ ដោយមាន ៥៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង ហង្សក្រហម Liverpool ចំនួន ២២ពិន្ទុក្នុង Premier League គិតត្រឹមសប្តាហ៍ទី២៦ រដូវកាលនេះ គ្រាដែល West Ham United ឈរនៅលេខរៀងទី១៨ ក្នុងតំបន់កាត់ចោល ដោយមានតែ ២៤ពិន្ទុប៉ុណ្ណោះ និងលេង ១២ប្រកួតទៀតបិទរដូវកាល៕