(ក្រុងឡុងដ៍)៖ ក្រុម Tottenham Hotspur របស់អង់គ្លេស បានប្រជែងចាញ់ក្រុមអាល្លឺម៉ង់ RB Leipzig ក្នុងលទ្ធផល ១-០ នៃក្របខណ្ឌលីគកំពូលអឺរ៉ុប UEFA Champions League 2019-2020 ក្នុងវគ្គ ១៦ក្រុមចុងក្រោយ សម្រាប់ជើងទី១ នៅកីឡដ្ឋាន Tottenham Hotspur នារាត្រីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមភ្ញៀវ Leipzig ធ្វើបានសម្រេចដោយខ្សែប្រយុទ្ធលេចធ្លោ Timo Werner ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទី៥៨ ក្រោយពេលខ្សែការពារ Ben Davies បង្កកំហុសនៅនាទី៥៦ ហើយការប្រកួតជើងទី២ វិញនឹងធ្វើឡើងនៅថ្ងៃទី១១ ខែមីនាខាងមុខនេះ។

នេះក៏ជាក្រុមទី៦ ផងដែរដែល Mourinho បានដឹកនាំលេងនៅវគ្គ ១៦ក្រុមនៃពានអឺរ៉ុប ហើយលោកក៏កំពុងឈរលេខរៀងទី ៤ ក្នុងចំណោមអ្នកចាត់ក្រុមឆ្នើមមានលោក Sir Alex-Ferguson, Arsene Wenger និង Carlo Ancelotti ដែលបានដឹកនាំក្រុមប្រកួតបាន ១៥០ដង ក្នុង Champions ក្នុងនោះលោក Mourinho បានដឹកនាំក្រុមប្រកួតឈ្នះ ៨១លើក៕