(ក្រុងឡុងដ៍)៖ តាមរយៈការចេញផ្សាយដោយ BBC នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករខ្សែបម្រើប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min ត្រូវអវត្តមានលើទីលានប្រកួតជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងការប្រកួតសំខាន់នៃពានរង្វាន់ UEFA Champions League ក្រោយពីត្រូវធ្វើការវះកាត់ត្រង់ចំណុចរបួសដៃ ដែលកើតឡើងក្នុងជំនួបជាមួយក្រុម Aston Villa នៅ Premier League កាលពីសប្តាហ៍មុន។

ខ្សែបម្រើប្រយុទ្ធវ័យ ២៧ឆ្នាំ Son Heung-min បានទទួលរងរបួសដៃក្នុងពេលរកបានជ័យជម្នះឲ្យក្រុម លោក Jose Mourinhio នៅ Premier League កាលពីសប្តាហ៍មុន ខណៈក្រុមនេះក៏បានកំពុងតែមានក្តីសង្ឃឹម ក្រោយពេលខ្សែប្រយុទ្ធអង់គ្លេស Harry Kane ដែលរងរបួសកាលពីខែមករា ហើយសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ក្នុងនោះក្លិបក៏បាននិយាយពីបញ្ហារបស់ Son Heung-min និងត្រូវខកខានជាច្រើនសប្តាហ៍ដោយសម្រាកព្យាបាលរបួស។

ក្រុមមាន់ខ្នាយមាស Tottenham ដែលជាក្រុមជើងឯករងរដូវកាលមុននឹងត្រូវបើទ្វារផ្ទះស្វាគមន៍ក្រុម RB Leipzig ក្នុងជើងទី១ វគ្គ ១៦ក្រុមចុងក្រោយពាន Champions League 2019-2020 ហើយក៏មានការជួបគ្នារវាងក្រុម Atalanta ប៉ះ Valencia នាម៉ោង ៣៖០០នាទីម៉ោងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០៕