(សៀមរាប)៖ កីឡាករចាំទីវ័យក្មេង យី ប៊ុនហេង បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាគ់អ្នកគាំទ្រ បន្ទាប់ពីការបង្ហាញខ្លួនក្នុងជំនួបបើករដូវកាលថ្មី ដោយជួយក្រុមអង្គរថាយហ្គឺរ ស្មើអតីតក្រុមជើងឯក ៣សម័យកាលបឹងកេត ១-១ កាលពីចុងសប្ដាហ៍កន្លងទៅ។

កីឡាករវ័យ ១៩ឆ្នាំរូបនេះបានបំពេញតួនាទីខ្លួនយ៉ាងល្អ ទោះបីរបូត ១គ្រាប់ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ ម៉ាត់ នូរុញ ក្ដី តែក្នុងរយៈពេល ៩០នាទី គេបានរួមចំណែកយ៉ាងច្រើន ក្នុងការការពារសំណាញ់ទី តាមរយៈការរារាំងការព្យាយាមស៊ុតចំគោលដៅជាច្រើនលើកពីសំណាក់កីឡាករបឹងកេត។

ប៉ុន្ដែទោះបីគិតថា ខ្លួនឯងធ្វើបានល្អក្នុងការប្រកួតបើករដូវកាលថ្មីនេះក៏ពិតមែន តែ ប៊ុនហេង មិនពេញចិត្ត ចំពោះលទ្ធផលស្មើគ្នានេះឡើយ។ ប៊ុនហេង និយាយថា «លទ្ធផលមួយស្មើនេះ មានអ្នកខ្លះអាចនឹងពេញចិត្ត តែសម្រាប់ខ្ញុំ គឺមិនពេញចិត្តនោះទេ ព្រោះខ្ញុំចង់ឈ្នះ។ ការប្រកួតនេះប្រសិនបើគ្មានបាល់ប៉េណាល់ទីទេ វានឹងបំពេញបំណងខ្ញុំ ដែលបំណងខ្ញុំ គឺចង់បាន Clean Sheet»

សូមបញ្ជាក់ថា យី ប៊ុនហេង ក្នុងរដូវកាលថ្មីនេះ គេត្រូវស្នងតំណែងពីរាមច្បង ហែម ស៊ីម៉ៃ ក្រោយអ្នកចាំទីវ័យចាស់រូបនេះ បានប្រកាសចូលនិវត្តន៍ កាលពីចុងឆ្នាំ២០១៩ ហើយបច្ចុប្បន្នលោក ស៊ីម៉ៃ កំពុងកាន់តួនាទីជាគ្រូបង្វឹកអ្នកចាំទីក្រុមយុវជនថ្នាលរបស់ក្លឹបវិសាខា។ យ៉ាងណាមិញអ្នកគាំទ្រជឿជាក់ថា នេះគឺជាឱកាសមួយដ៏ល្អសម្រាប់ ប៊ុនហេង បង្ហាញសមត្ថភាព ទាំងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពាន Hun Sen Cup។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតរបស់ក្រុមបឹងកេត និងអង្គរថាយហ្គឺរវិញ ក្រោយចែកគ្នា ១ពិន្ទុម្នាក់នេះ ក្រោមជំនួបដ៏តានតឹង ដែលមានអ្នកទស្សនាច្រើនជាងគេចំនួន ២,៦៥៩នាក់ នៅចុងសប្ដាហ៍នេះ ក្រុមអង្គរថាយហ្គឺរ ត្រូវបន្ដជួបក្រុមសូលទីឡូអង្គរ នៅកីឡដ្ឋាន SRU ដដែល ខណៈបឹងកេតវិញ ត្រូវបើកទ្វារផ្ទះទទួលក្រុមខ្លាំងវិសាខា នាថ្ងៃទី១២ ខែកុម្ភៈនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ៕