(ដកម៉ាន់)៖ ខ្សែប្រយុទ្ធជើងថ្មី Erling Haaland រកបាន ២គ្រាប់ជួយក្រុមម្ចាស់ផ្ទះ Borussia Dortmund យកឈ្នះក្រុម Paris Saint-Germain របស់បារាំង ២-១ ក្នុងជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League។

កីឡាករដែលទើបផ្លាស់ចេញពីក្លិបអូទ្រីស Salzburg នាខែមករា ឆ្នាំ២០២០ មកចូលរួមជាមួយក្លិបអាល្លឺម៉ង់ខាងលើនេះ បានស៊ុតគ្រាប់នាំមុខនៅនាទីទី៦៩ មុនពេល Neymar រកបានគ្រាប់តាមស្មើវិញនៅតែ ៦នាទីបន្ទាប់ និងគ្រាប់ជ័យ ជម្នះរបស់ Haaland ដដែលកើតឡើងនៅនាទី៧៧។

២គ្រាប់បន្ថែមនេះដែរ ធ្វើឲ្យកីឡាករវ័យទើបតែ ១៩ឆ្នាំសញ្ជាតិន័រវេស រកបាន ៣៩គ្រាប់ពីការបង្ហាញខ្លួនបាន ២៩ប្រកួតគ្រប់កម្មវិធីរដូវកាលនេះ ក្នុងនោះមាន ១១គ្រាប់ក្នុងក្លិប Borussia Dortmund ចាប់តាំងពីខែមករា ឆ្នាំ២០២០ មក ជាមួយនឹង ១០គ្រាប់នៅ Champions League ពីការចូលលេងបាន ៧ប្រកួត៕