(សេអ៊ូល)៖ ផលិតកម្ម JYP បានប្រកាសពីការត្រឡប់មកវិញរបស់ក្រុមតារាចម្រៀងស្រី ITZY តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ជាមួយនឹងការបង្ហាញរូបភាពជាក្រុមរបស់អាល់ប៊ុមថ្មី ឈ្មោះថា «IT’z ME»។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន Koreaboo នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

តាមរយៈរូបភាពនៃអាល់ប៊ុមថ្មីនេះ គឺមានរូបភាពរបស់សមាជិកក្រុមនីមួយៗ ក្នុងសម្លៀកបំពាក់ផ្សេងៗពីគ្នា។​​ទោះបីជារូបភាពនេះ មិនមែនគំនិតអ្វីថ្មីក៏ដោយ ប៉ុន្តែសមាជិកក្រុមនីមួយៗមើលទៅពិតជាមានមន្តស្នេហ៍យ៉ាងខ្លាំង ជាមួយស្ទិលថតរៀងៗខ្លួន។ បើតាមកាវិភាគ អាល់ប៊ុមថ្មីរបស់ពួកគេ នឹងបញ្ចេញនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ហើយវានឹងក្លាយជាអាល់ប៊ុមទី២របស់ក្រុមនារី ITZY ខណៈអាល់ប៊ុមដំបូងត្រូវបាបញ្ចេញកាលពីខែកុម្ភៈឆ្នាំមុន។

គួរជម្រាបថា ក្រុមតារាចម្រៀងស្រី K-POP មួយនេះធ្លាប់បានបំបែកកំណត់ត្រាម្តងរួចមកហើយជាមួយនឹងអាល់ប៊ុមដំបូងរបស់ពួកគេ គឺបទ «Dalla Dalla» ដោយមានអ្នកចូលទស្សនាមានដល់ទៅជាង ៥លាន ដងក្នុងរយៈពេល ត្រឹមតែ១២ម៉ោងប៉ុណ្ណោះ៕