(ភ្នំពេញ)៖ តារាម៉ូដែល និងជាតារាសម្តែងស្រីរូបស្រស់ ទឹកមុខក្រមិចក្រមើមគួរឲ្យស្រឡាញ់ កញ្ញាមាន សូនីតា ថ្មីៗនេះបានធ្វើការឡាយវីដេអូ ដើម្បីបង្ហាញពីដំណឹងមួយដល់ស្ត្រីៗ ចូលរួមក្នុងកម្មវិធី រត់ប្រណាំងស្ត្រី ចម្ងាយ១០គីឡូម៉ែត្រ ដែលនឹងធ្វើឡើងចំថ្ងៃទី៨មីនា។ នេះជា​ការលើកទឹកចិត្តដល់ស្ត្រីគ្រប់រូប ឲ្យមានភាពក្លាហាន ដើម្បីគាំទ្រស្រ្តីបំបែកឯតទគ្គកម្ម និងអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ ៨មីនា។

តាមរយៈវីដេអូ កញ្ញាមាន សូនីតា បានប្រាប់ដល់ទស្សនិកជន ជាពិសេសនិយាយទៅកាន់មិត្តនារីទាំងឡាយ ក្នុងន័យលើកទឹកចិត្ត ឲ្យមានភាពក្លាហានក្នុងសង្គម ជឿជាក់នឹងអ្វីដែលខ្លួនធ្វើ ជាពិសេសមានភាពស្មើ​គ្នាជាមួយនឹងបុរស។ ពង្រឹងសមត្ថភាព ដើម្បីឲ្យជឿជាក់ថា នារីខ្លួនឯងត្រូវធ្វើឲ្យបាន។ ជាក់ស្តែង ដូចកម្មវិធី «រត់ប្រណាំងស្រី្ត ចម្ងាយ១០គីឡូម៉ែត្រ» បើនារីខ្លួនឯងគិតថា ធ្វើមិនបាន គិតថាការរត់បែបនេះ មានតែសម្រាប់មនុស្សប្រុស គឺនៅតែធ្វើមិនបាន ផ្ទុយទៅវិញ ប្រសិនបើនារីមានការជំនះ ដោយសារខិតខំប្រឹងប្រែងថា ត្រូវតែធ្វើឲ្យបាន លទ្ធផលនឹងធ្វើបាន។

ទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០គ.ម (Women Run 10K Powered by Sovannaphum Life) នឹងប្រព្រឹត្តទៅនៅថ្ងៃទិវានារីអន្តរជាតិទី ០៨ ខែមីនា ២០២០ ខាងមុខនេះ ដោយជ័យលាភីទាំង ១៣រូប នឹងទទួលបានទឹកប្រាក់ធានា រ៉ាប់រងឥតគិតថ្លៃសម្រាប់ រយៈពេល ១ឆ្នាំដំបូង ចំពោះផលិតផល SMILE ការពារអាយុជីវិតមានកាលកំណត់ ជាមួយរយៈពេលធានារ៉ាប់រង ៥ឆ្នាំ៖
១.ជ័យលាភី លេខ១ ទទួលបាន ទឹកប្រាក់ធានារ៉ាប់រង ​៥០,០០០ដុល្លារ។
២.ជ័យលាភី លេខ១ ទទួលបាន ទឹកប្រាក់ធានារ៉ាប់រង ​៣០,០០០ដុល្លារ។
៣.ជ័យលាភី លេខ១ ទទួលបាន ទឹកប្រាក់ធានារ៉ាប់រង ​២០,០០០ដុល្លារ។
៤.ជ័យលាភី ១០ នាក់បន្ទាប់ ទទួលបាន​ទឹកប្រាក់ធានារ៉ាប់រង $១០,០០០ដុល្លារ៕