(ភ្នំពេញ)៖ តារាសម្តែងសាច់ដុំលោក សន ពិសិដ្ឋ បានធ្វើឲ្យអ្នកគាំទ្រចាបអារម្មណ៌ជាថ្មី ក្រោយពីតារាប្រុសរូបនេះ បង្ហាញមុខក្នុងភាពយន្តបែបស្នេហាស្រុកស្រែ ​រឿង «អន្ទាក់ស្នេហ៍» ដោយជួបជាមួយដៃគូសម្តែងថ្មី អ្នកនាង សុខ សោម៉ាវត្តី។ ជំនួបគ្នាលើកដំបូងមែន ប៉ុន្តែ សន ពិសិដ្ឋ ចាប់អារម្មណ៍ និងពេញចិត្តដៃគូសម្តែងថ្មីនេះជាខ្លាំង។

​ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីប្រកាសសម្ពោធ ចាក់បញ្ចាំងភាពយ​ន្តខ្នាតធំ ស្នេហាបែបស្រុកស្រែ រឿង «អន្ទាក់ស្នេហ៍» របស់ផលិតកម្ម SPACE SP នៅរោងភាពយន្ត Major Cineplex ផ្សារទំនើបអ៊ីអន២ នាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់សិល្បករ ផលិតករជាច្រើនរូប។ តួឯកប្រុសក្នុងភាពយន្តនេះគឺ លោក សន ពិសិដ្ឋ បានលើកឡើងថា ជាភាពយន្តមានរសជាតិថ្មីបែបស្រុកស្រែ បង្កប់ដោយអត្ថន័យស្នេហាស៊ីជម្រៅ លាយឡំនឹងកំប្លែង និងកម្សត់។

លោក​សន ពិសិដ្ឋ បន្តថាការចូលរួមថតភាយន្តនេះ ឆ្លងកាត់ការលំបាកច្រើន ហើយលោកមានឈុតឆាកជាច្រើន ដែលត្រូវសម្តែងជាមួយសត្វក្របី ប៉ុន្តែទាំងលោក សិល្បករ និងផលិតករ ពិតជាខិតខំ ដើម្បីធ្វើឲ្យភាពយន្តនេះមានគុណភាព។ ​លើកនេះលោកបានជួបជាមួយដៃគូសម្តែងថ្មី គឺអ្នកនាង សុខ សោម៉ាវត្តី។ លោកថាតួឯកស្រី ពិតជាតារាស្រីដែលមានទាំងសម្រស់ សមត្ថភាព និងភាពរួសរាយរាក់ទាក់។ ​ភាពស្និទ្ធស្នាល ការចែករំលែកបទពិសោធ​ និងជួយលើកទឹកចិត្តលោកឲ្យសម្តែងបានកាន់តែល្អ និងបង្កើតការចងចាំ អនុស្សាវរីយ៍ល្អៗជាមួយនាង និងក្រុមការងារច្រើន។ លោករំពឹងថា នឹងទទួលបានឱកាសម្តែងរួមគ្នា ជាមួយតារាស្រីរូបនេះជាថ្មី ក្នុងភាពយន្តបន្ទាប់។

តួអង្គឯក ទាំង ២ នៃរឿង «អន្ទាក់ស្នេហ៍» ​សម្ដែងដោយ សុខ សុមាវត្ដី ​ដែលប្រិយមិត្តបានទទួលស្គាល់ពីស្នាដៃសម្ដែង សម្ថភាព និងទេពកោសល្យសម្ដែងពីធម្មជាតិរបស់តារារូបនេះ តែសំខាន់ គឺនេះជាការសម្ដែងរួមគ្នា​លើកទី១ជា តារាសម្ដែង សន ពិសិដ្ឋ សម្ដែងតួចៅពេជ្រ ដែលមានទឹកចិត្តស្នេហាស្មោះស្ម័គ្រ ពិតប្រាកដជាមួយនឹងតួអង្គ រក្សា ដែលសម្តែងដោយ សុខ សុមាវត្តី។

​គួរបញ្ជាក់ដែរថា ក្រៅពីតារាសម្តែងប្រុសស្រីល្បីឈ្មោះខាងលើ ភាពយន្តរឿង «អន្ទាក់ស្នេហ៍» ក៏ចូលរួមសម្តែងដោយតារាប្រុសស្រីជាច្រើន​​​រូប​ មានដូចជា លោកគ្រូ អន សុភៈ, កញ្ញា នីតា វរវង្ស, លោក វី ជីវ័ន្ត , នាយតឹង និងសិល្បករប្រុសស្រីជាច្រើនរូបទៀត។ ភាពយន្តនេះនិពន្ធដោយ លោកសាស្ត្រាចារ្យ ចាន់ សារិន ដឹកនាំសម្តែង ដោយលោក វ៉ន ប៊ុនស៊ីម និងគ្រោងចាក់បញ្ចាំង នៅគ្រប់រោងភាពយន្តទំនើបទាំងអស់ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះតទៅ៕