(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានបន្តបំបាក់ក្រុមតោខៀវ Chelsea ២-០ ដែលជាជ័យជម្នះជើងទី២ ក្នុងសប្តាហ៍ទី២៦ នៃក្របខណ្ឌលីគកំពូល Premier League 2019-2020 គ្រាដែលប្រព័ន្ធជំនួយការអាជ្ញាកណ្តាល VAR បានបដិសេធគ្រាប់បាល់របស់ក្រុមលោក Frank Lampard ចំនួន ២គ្រាប់ក្នុងការប្រកួតដែលព្យាយាមតាមស្មើ។

ការប្រកួតដែលធ្វើឡើងនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នាកីឡដ្ឋាន Stamford Bridge ក្រុមលោក Ole Gunnar Solskjaer បានបន្តយកឈ្នះក្រុមលោក Frank Lampard ក្នុងជើងទី២ ​នេះដោយគ្រាប់បាល់ទី១ ធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Anthony Martial នៅនាទី៤៥ ចុងតង់ទី១ ហើយគ្រាប់ទី២ រកបានដោយខ្សែការពារឆ្នើម Harry Maguire នៅនាទី៦៦ ខណៈក្រុមម្ចាស់ផ្ទះបានព្យាយាមរកគ្រាប់បាល់វាយបក តែត្រូវលោកអាជ្ញាកណ្តាលមិនផ្តល់ឲ្យ ក្រោយត្រួតពិនិត្យប្រព័ន្ធ VAR ដោយមើលឃើញថា ក្រុមតោខៀវបានបង្កកំហុសពិតមែន។

តាមរយៈលទ្ធផលនេះបានធ្វើឲ្យក្រុម Chelsea កំពុងជួបបញ្ហាក្នុងការរក្សាតំណែងឈានទៅប្រជែងពាន​រង្វាន់ UEFA Champions League រដូវកាលក្រោយ ដោយពេលនេះកំពុងតែមាន ៤១ពិន្ទុឈរលេខរៀងទី៤ ខណៈក្រុមមាន់ខ្នាយមាស Tottenham Hotspur កំពុងមាន ៤០ពិន្ទុតាមពីក្រោយយ៉ាងស្អិត គ្រាដែលក្រុម Manchester United បានឡើងមកឈរនៅលេខរៀងទី ៧ រកបាន ៣៨ពិន្ទុហើយសរុបលទ្ធផលទាំងពីជើងក្រុម Man Utd យកឈ្នះក្រុម Chelsea ដោយលទ្ធផល ៦-០ ដែលមានក្រុមខ្លាំង Liverpool ឈរកំពូលតារាងពិន្ទុដាច់ ២៥ពិន្ទុពីក្រុមការពារតំណែងជើង Manchester City ដែលឈរលេខរៀងទី២ ហើយការប្រជែងនេះនៅសល់តែ ១១ប្រកួតទៀតប៉ុណ្ណោះនឹងបិទជាផ្លូវការ៕