(ភ្នំពេញ)៖ លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការទូទៅក្រុមនគរបាលជាតិបានអះអាងថា ទោះបីចាញ់ក្រុមវិសាខា ក្នុងជំនួបបើកឆាកលីគកំពូលកម្ពុជា ឆ្នាំ២០២០ ក៏ពិតមែន តែលោកមិនបន្ទោសកូនក្រុមនោះទេ ផ្ទុយទៅវិញ បានលើកសរសើរកូនក្រុម ពិសេសឆន្ទៈលេង ដែលមិនចាញ់ក្រុមប្រជុំ​ដោយកីឡាករជម្រើសជាតិនេះឡើយ។

គ្រូបង្វឹកកាន់សញ្ញាបត្រ Pro-License រូបនេះ បាននិយាយថា «យើងដឹងហើយថា វិសាខា គឺជាក្រុមបេក្ខភាពប្រជែងតំណែងជើងឯកលីគ ឆ្នាំ២០២០ ចឹងបើនិយាយពីកម្រិត អាចនិយាយបានថា នគរបាលជាតិមិនទាន់ដល់ពួកគេនៅឡើយទេ តែបើនិយាយពីផ្លូវចិត្ត ផ្លូវការ ឆន្ទៈ និងការតាំងចិត្តលេង គឺល្អ សូមសរសើរ ចំពោះកីឡាករទាំងអស់»

ការលើកឡើងនេះ គឺក្រោយនគរបាលជាតិ បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះវិសាខា ២-១ ទាំងប្រផិតប្រផើយ កាលពីចុងសប្ដាហ៍កន្លងទៅ ហើយលោកថា លទ្ធផលនេះ មិនអាក្រក់នោះទេ។ លោកបន្ដថា «នេះជាសញ្ញាមួយ សម្រាប់ការប្រកួតដំបូង ដែលយើងធ្វើបានប៉ុណ្ណឹង គឺជារឿងមួយអស្ចារ្យ។ ជាពិតយើងសោកស្ដាយ ដែលលទ្ធផលចាញ់ តែកីឡាករយើងពិតជាធ្វើបានល្អ»

គួរបញ្ជាក់ថា ក្រោយរបូត ៣ពិន្ទុក្នុងជំនួបបើករដូវកាលថ្មី ក្រៅដី ក្រុមនគរបាលជាតិ នឹងត្រូវបន្ដការប្រកួតក្រៅដី នៅសប្ដាហ៍ទី២ ទៀត ដោយជួបក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ នាថ្ងៃទី២២ ខែកុម្ភៈចុងសប្ដាហ៍នេះ។ ចំណែក្រុមវិសាខាវិញ ក៏ត្រូវចេញប្រកួតក្រៅដីលើកដំបូង ដោយប៉ះក្រុមខ្លាំងបឹងកេត នៅថ្ងៃជាមួយគ្នាផងដែរ៕