(ភ្នំពេញ)៖ ភាពយន្តរឿង «អន្ទាក់ស្នេហ៍» មិនត្រឹមតែជារឿងបែបស្រុក​ស្រែមានទេសភាពងៀវស្រងាត់ ត្រជាក់ភ្នែក បង្ហាញពីកន្លែងស្រស់ស្អាតនៅប្រទេសកម្ពុជា និងមានលក្ខណៈអប់រំ លាយនឹងការកម្សាន្តសប្បាយនោះទេ ងាកមកតួអង្គសម្ដែង​ក្នុងរឿងនេះទៀតសោត គឺគ្រាន់តែទស្សនាក្នុងវីដេអូខ្លី ធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍តែម្តង។ ជាពិសេស សុទ្ធតែជាសិល្បករល្បីៗ តារាសម្ដែងជើងចាស់ មានការពិសោធន៍ និងបានឆ្លងកាត់ការហ្វឹកហាត់ រៀនសូត្រ និងជាគ្រូបណ្តុះបណ្តាល​សិល្បៈថែមទៀតផង។

ខាងក្រោមនេះជាតួអង្គសំខាន់ៗ ដែលមានវត្តមានក្នុងភាពយន្ត «អន្ទាក់ស្នេហ៍»៖

១. លោកគ្រូ អន សុភៈ ៖ លោកគ្រូ អន សុភៈ សម្ដែងជាតួអង្គ តាចន ។ លោក ជាព្រឹទ្ធាចារ្យ បង្ហាត់បង្រៀនផ្នែកល្ខោននិយាយ មានតួនាទីក្នុងវិស័យអប់រំ និងធ្លាប់សម្ដែងជាតួអង្គ «ថៅកែចិត្តចោរ» ថែមទៀតផង។ ការសម្ដែង និង ការរៀបចំអត្តចរិកក្នុងភាពយន្ត «អន្ទាក់ស្នេហ៍» គឺជាតួអង្គចាស់ព្រើ ខ្វះសីលធម៌ និងមានល្បិចគួរឱ្យខ្លាចមិនចាញ់ តួ «ថៅកែចិត្តចោរ» ទេ។

២. អ្នកគ្រូ កាន់ សុវណ្ណី៖ អ្នកគ្រូកាន់ សុវណ្ណី ក៏ជាតួអង្គជើងចាស់ម្នាក់ទៀត ដែលសម្ដែងជាតួ យាយអួន ។ អ្នកគ្រូធ្លាប់សម្ដែងជា យាយផាន់ ក្នុងរឿង «ទុំទាវ» និងជាតួអង្គជាច្រើនទៀត​ក្នុងរឿងកុន និងរឿងភាពទូរទស្សន៍ខ្មែរជាច្រើនរឿង។ អ្នកគ្រូ កាន់ សុវណ្ណី សិល្បករធ្លាប់បានហ្វឹកហាត់ច្បាស់លាស់ និងជាគ្រូបង្ហាត់បង្រៀននៅនាយកដ្ឋាន សិល្បៈទស្សនីយភាព របស់ក្រសួងវិចិត្រសិល្បៈ។ វត្តមានរបស់អ្នកគ្រូ ក្នុងរឿងខ្មែរមួយនេះនឹងធ្វើឱ្យយើងចង់ចាំ នឹកដល់ តួយាយផាន់ ក្នុងរឿងទុំទាវ មិនខាន់។

៣. អ្នកគ្រូ ព្រីង សុខាន់ណារិទ្ធ៖ មនុស្សសំខាន់ក្នុងរឿងម្នាក់ទៀត គឺតួអង្គយាយសយ ដែលអាចធ្វើឱ្យ​ប្រិយមិត្ត​ស្អប់ផងអាណិតផង និងសើចផងតាំងពីដើមរឿងរហូតដល់ចប់។ តួអង្គ យាយសយ ម្តាយនាងរក្សាសម្ដែងដោយ អ្នកគ្រូ ព្រីង សុខាន់ណារិទ្ធ ដែលជាគ្រូបង្រៀនផ្នែករបាំ នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈរាជធានីភ្នំពេញ។ រួមជាមួយសិល្បករធ្លាប់មានឈ្នោះប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ ដូចជាតារាសម្ដែង នីតា វរវង្ស លោក វី ជីវន្ត និងមាននាយតឹង និង នាយស្វិត ដែលសុទ្ធជាតារសម្ដែងមានទេពកោសល្យ និងសម្ថភាព និងស្រលាញ់ការសម្ដែងយ៉ាងខ្លាំង ទើបជម្រុញការផលិតរឿង អន្ទាក់ស្នេហ៍ នេះកាន់តែពិសេស។

៤. សុខ សុមាវត្ដី និង សន ពិសិដ្ឋ៖ តួអង្គឯក ទាំង ២ នៃរឿងអន្ទាក់ស្នេហ៍ សម្ដែងដោយ សុខ សុមាវត្ដី ដែលប្រិយមិត្តបានទទួលស្គាល់ពីស្នាដៃសម្ដែង សម្ថភាព និងទេពកោសល្យសម្ដែងពីធម្មជាតិរបស់តារារូបនេះ តែសំខាន់ គឺនេះជាការសម្ដែងរួមគ្នាលើកទីមួយជា តារាសម្ដែង សន ពិសិដ្ឋ សម្ដែងតួចៅពេជ្រ ដែលមានទឹកចិត្តស្នេហាស្មោះស្ម័គ្រពិតប្រាកដជាមួយនឹងតួអង្គរក្សា ដែលសម្តែងដោយ សុខ សុមាវត្តី។ តើជីវិតស្នេហារបស់តារាប្រុសស្រីមួយគូនេះទៅជាយ៉ាងណា?

ភាពយន្តខ្មែរ រឿង «អន្ទាក់ស្នេហ៍» នឹងនាំអារម្មណ៍អ្នកទស្សនាទៅកាន់តំបនទេសចរណ៍ស្រុកស្រែដ៏ស្រស់ត្រកាល ចូលដល់ក្នុងស្រុកភូមិ និងបានយល់ពីស្នេហាពិត នៃយុវជនយុវនារីខ្មែរបែបជនបទ។ ខណៈរឿងនេះ នឹង ចាប់បញ្ជាំងពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះតទៅហើយ នៅគ្រប់រោងភាពយន្តទំនើប៕