(ចិន)៖ ស្វាមីភរិយាមួយគូរស់នៅទីក្រុងតូចមួយ ក្នុងខេត្តហ្វូជាន ប្រទេសចិន បាននាំគ្នាដឹកជញ្ចូន អាហារចែក ទៅអ្នកបម្រើការងារក្នុងសហគមន៍ និងសន្តិសុខនៅតាមប៉ុស្តិ៍ត្រួតពិនិត្យមួយចំនួន ដែលសុទ្ធតែកំពុងបម្រើការងារ យ៉ាងស្វិតស្វាញ ដើម្បីប្រយុទ្ធទៅនឹងការផ្ទុះឡើងនៃជំងឺរលាកសួតបង្កដោយមេរោគកុរ៉ូណា។ នេះបើយោងតាម ការផ្សាយរបស់ CGTN នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។

គូស្វាមីមួយគូនេះ បានចាប់ផ្តើមរៀបចំកម្មវិធីសប្បុរសធម៌នេះ តាំងពីពាក់កណ្ដាលខែធ្នូ មកម៉្លេះ។ ការធ្វើបែបនេះ បន្ទាប់ពីពួកគេ បានមើលឃើញអ្នកបម្រើការងារក្នុងសហគមន៍ និងសន្តិសុខ បានបំពេញការងារត្រួតពិនិត្យសីតុណ្ហភាពរាងកាយរបស់មនុស្សគ្រប់គ្នា ឆ្លងកាត់កន្លែងត្រួតពិនិត្យតែមួយគត់នៃទីក្រុង។

ពួកគេ បានបញ្ជាក់ថា ពួកគេបន្តធ្វើបែបនេះ រហូតដល់ការរីករាលដាលនៃជំងឺបង្កដោយកូរ៉ូណា ត្រូវបានបញ្ចប់។

អាហារដែលស្វាមីភរិយាមួយគូនេះចែកនោះមានដូចជា អាហារសម្រន់ និងភេសជ្ជៈផ្សេងៗ។ អាហារទាំងនេះ ជាការបរិច្ចាគរបស់អ្នកស្រុក ដើម្បីផ្តល់កម្លាំងចិត្តដល់អ្នកបំពេញការងារទប់ស្កាត់ជំងឺបង្កដោយកូរ៉ូណា៕