(ភ្នំពេញ)៖ ការប្រកួតបើកឆាកដំបូងនៃវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ សម្រាប់សប្តាហ៍ទី១ ក្រុមការពារតំណែងជើងឯកព្រខ័នរាជស្វាយរៀង បានយកឈ្នះក្រុមភ្ញៀវ សូលទីឡូអង្គរ ក្នុងលទ្ធផល ៥-១ នាថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ នៅក្នុងទឹកដីនៃកីឡដ្ឋាន ខេត្តស្វាយរៀងតែម្តង។

ទាក់ទងទៅនឹងការប្រកួតរវាងក្រុមទាំងពីរ ចូលដល់តង់ទី១ ក្រុមម្ចាស់ផ្ទះ ស្វាយរៀង បាននាំមុខមុន២គ្រាប់ និងគ្រាប់ទី១បានស៊ុតបញ្ជូលទីដោយកីឡាករ PRIVAT ពាក់លេខ១០ នៅនាទីទី១៥ ខណៈពេលក្រុមសូលទីឡូអង្គរ វាយបកបាន១គ្រាប់វិញនៅនាទីទី១៩ ដោយកីឡាករ MATHEUS SOUZA E SILVA ពាក់លេខ៣៣ បន្ទាប់ពីកីឡាករ សារ៉េត គ្រីយ៉ា របស់ស្វាយរៀង ពាក់លេខ១៣ បន្ថែមគ្រាប់ទី២ នៅនាទីទី៣១។

សម្រាប់រយៈពេល ៤៥ វគ្គទី២ វិញ ស្វាយរៀងបានបន្ថែម ៣គ្រាប់ទៀតដោយកីឡាករ KOBAYASHI DAISUKE ពាក់លេខ២០ រកបាន ២គ្រាប់ម្នាក់ឯង នៅនាទីទី៤៩ និងនាទីទី៩០+២ និងកីឡាករ នេន សុធារ័ត្ន ពាក់លេខ២៣ រកបាន ១គ្រាប់ នៅនាទី៥២ ដើម្បីឡើងទៅឈរនៅកំពូលតារាងបណ្តោះអាសន្នផងដែរ ក្នុងនាមក្រុមរកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក៕