(ភ្នំពេញ)៖ ពានរង្វាន់ពាក់កណ្ដាលអាជីព KW Cambodia League រដូវកាលទី៩ ឆ្នាំ២០២០ បានដំណើរការប្រកួតសន្សំពិន្ទុជាផ្លូវការហើយកាលពីចុងសប្ដាហ៍កន្លងទៅ ដំណាលគ្នាជាមួយលីគកំពូលកម្ពុជា ដោយចាប់ផ្ដើមការប្រកួតក្នុងសប្ដាហ៍ទី១ ចំនួន ៧ប្រកួត សុទ្ធតែបញ្ចប់ដោយលទ្ធផលឈ្នះ-ចាញ់ ក្នុងនោះមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាបានកើតឡើងដល់ទៅ ៥២គ្រាប់ឯណោះ។

ចំពោះលទ្ធផលបើកឆាក សប្ដាហ៍ទី១ ដែលប្រកួតនៅទីលាន KMH Park រួមមានក្រុមការពារតំណែងជើងឯក ISI Dangkor Senchey បានយកឈ្នះក្រុម Mambo Phnom Penh ៦-១, ក្រុម Khmer United-A យកឈ្នះក្រុម Bayon Wanderers ៤-៣, ក្រុមម្ចាស់ពានបើករដូវកាល ៣សម័យ Avatar ឈ្នះក្រុម Pitou FC ២-១, ក្រុមមហាហង្សអលស្ដារ លត់ក្រុម PMU ១៣-១, ក្រុម TN Kandal ឈ្នះក្រុម Riel Phnom Penh ៧-២, ក្រុម Sniper FC ឈ្នះក្រុម Khmer United-B ៣-២ និងក្រុមយុវជនវត្តវ៉ារិន ឈ្នះក្រុមតាំងគោក ៥-២។

សម្រាប់រដូវកាលថ្មីនេះដែរ កីឡាករ រស់ ស៊ីរដ្ឋា ដែលជាខ្សែប្រយុទ្ធរកបាន ៣គ្រាប់ ជួយក្រុម Khmer United-A វាយបកឈ្នះក្រុម Bayon Wanderers ៤-៣ បាននិយាយថា ឆ្នាំនេះការប្រកួតពិតជាមានភាពស្វិតស្វាញជាងមុន ដ្បិតសម្បូរដោយក្រុមខ្លាំងៗ ពិសេសក្រុមចំណូលថ្មី គួបផ្សំក្រុមមួយចំនួនដែលប្រើប្រាស់ធនធានកីឡាករបរទេសសុទ្ធ។ ដូច្នេះគេជឿជាក់ថា ពាន KW Cambodia League ឆ្នាំនេះ មានភាពទាក់ទាញកាន់តែខ្លាំង ហើយខ្លួនក៏បានប្ដេជ្ញាចិត្តខិតខំប្រឹង ដើម្បីស្វែងរកលទ្ធផលល្អ និងសម្រេចគោលដៅប្រជែងពានជូនក្រុមផងដែរ។

សូមរំឮកថា ពាន KW Cambodia League 2020 គឺមាន ១៤ក្រុមចូលរួម ហើយប្រើរូបមន្ដប្រកួតវិលជុំលក្ខណៈលីគ ១ជើង ក្រុមមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាជើងឯក។ ចំណែកក្រុមឈរលេខ២ ដល់លេខ៥ នឹងត្រូវប្រកួតខ្វែងគ្នា ដើម្បីចម្រាញ់រកក្រុមជើងឯកពាន KW Cambodia Cup មួយទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ឆ្នាំនេះស្ថាបនិកពាន ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានដំឡើងប្រាក់រង្វាន់ក្រុមជើងឯកដល់ទៅ ៤០លានរៀល ឬប្រមាណ ១ម៉ឺនដុល្លារឯណោះ៕