(ភ្នំពេញ)៖ លោក កែវ រ៉េមី បានទទួលការគាំទ្រ ១០០% ពីសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បន្ដធ្វើជាប្រធានសហព័ន្ធអាណត្តិទី៦ ឆ្នាំ២០២០-២០២៤ ហើយលោកបានប្ដេជ្ញាខំប្រឹងពង្រឹង និងអភិវឌ្ឍន៍កីឡាមានប្រភពពីកូរ៉េខាងជើងនេះឲ្យកាន់តែខ្លាំង ដើម្បីរក្សានិរន្ដរភាពក្នុងការប្រកួតប្រជែងលើឆាកអន្ដរជាតិ និងដណ្ដើមសមិទ្ធផលធំៗជូនជាតិបន្ថែមទៀត។

គួរបញ្ជាក់ថា មហាសន្និបាតបញ្ចប់អាណត្តិទី៥ បានធ្វើឡើងនៅអាគារ NOCC កាលពីថ្ងៃទី១៦ ខែកុម្ភៈ។ ចំពោះសមាជិកប្រតិបត្តិសហព័ន្ធអាណត្តិថ្មី ក្រោយពីប្រធានសហព័ន្ធលោក កែវ រ៉េមី គឺមានលោក ជិន ម៉ាលីន, លោក ផាន់ វណ្ណរ័ត្ន, លោក សុខ ប៊ុនថា, លោក ជេត ជាលី, លោក លឹម រតនៈ និងលោក ឈួន ចាន់ថន ជាអនុប្រធាន។ រីឯលោក បួនហ៊ីង សុធីយ៉ា បន្ដធ្វើអគ្គលេខាធិការ និងមានអគ្គលេខាធិការរង ៥រូប។ ចំណែកលោក នូស្ថា សត្យា ជាអគ្គហេរញ្ញឹក និងលោក ណយ សុវណ្ណរិត អគ្គហេរញ្ញឹករង និងសមាជិក ៦រូបទៀត។

លោក កែវ រ៉េមី បានអះអាងថា ក្រោមការដឹកនាំរបស់ខ្លួនកន្លងមក ទោះបីសម្រេចបាននូវលទ្ធផលល្អប្រសើរ តែមហិច្ឆតារបស់គ្រួសារតេក្វាន់ដូ ITF កម្ពុជា មិនទាន់បញ្ចប់នោះទេ ហើយលោកបានប្ដេជ្ញានឹងដឹកនាំនាវាតូចមួយនេះ ឆ្ពោះទៅរកភាពរីកចម្រើន ពិសេសសម្រួចទិសដៅស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីការប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិឲ្យបានតាមតែអាចធ្វើបាន។ លោកបន្ដថា ក្រោមការដឹកនាំរបស់លោក គ្មានឡើងបក្សនិយម ដូច្នេះកីឡាករ-កីឡាការិនី ត្រូវខិតខំប្រឹងប្រែង ហើយអ្នកមានសមត្ថភាព និងមានឱកាសចេញទៅប្រកួតក្រៅប្រទេសយ៉ាងពិតប្រាកដ។

ទន្ទឹមជាមួយការធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់ចូលអាណត្តិថ្មីនេះ សហព័ន្ធក៏បានដាក់ចេញនូវផែនការសំខាន់ៗ ១០ ដើម្បីអនុវត្ត និងពង្រឹងគុណភាពតេក្វាន់ដូ ITF កម្ពុជាផងដែររួមមាន៖

១. ពង្រឹង និងពង្រីកក្លិបតេក្វាន់ដូ នៅតាមរាជធានី និងខេត្ត និងគ្រឹះស្ថានរបស់រដ្ឋមន្ថែមទៀត។
២. បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងចៅក្រមអាជ្ញាកណ្តាលកម្រិតជាតិ និងអន្តរជាតិឲ្យបានច្រើន។
៣. រៀបចំចងក្រងទិន្ន័យរបស់សហព័ន្ធតេក្វាន់ដូITF Databese។
៤. រៀបចំគេហទំព័ររបស់សហព័ន្ធ និងចងក្រងប្រវត្តិសហព័ន្ធ។
៥. ចូលរួមការប្រកួតជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី១០ នៅប្រទេសចិន។
៦. រៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២។
៧. ត្រៀមរៀបចំវគ្គចៅក្រមអាជ្ញាកណ្តាលអន្តរជាតិ ។
៨. ត្រៀមខ្លួនដើម្បីដណ្តើមមេដាយមាសជូនជាតិសម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
៩. ចូលរួមការប្រកួតជ្រើសរើសជើងឯកពិភពលោកលើកទី២២ នៅប្រទេសចិន ឆ្នាំ២០២១ និងទ្វីបអាស៊ីលើកទី១១នៅប្រទេសឥណ្ឌា ឆ្នាំ២០២២។
១០. ខិតខំផ្សព្វផ្សាយកីឡាតេក្វាន់ដូ ITF ដល់មហាជន ដើម្បីទទួលបានការឧបត្ថម្ភបន្ថែម៕