(អាមេរិក)៖ រយៈកាលប៉ុន្មានថ្ងៃមកនេះ ផលិតករល្បីឈ្មោះលោក អុិន សុភិន ត្រូវគេឃើញបង្ហាញសកម្មភាពនៅលើទឹកដីសហរដ្ឋអាមេរិក យ៉ាងសស្រាក់សស្រាំ ដោយគេឃើញវត្តមានរបស់លោកមានការណាត់ជួបទាំងអ្នកជំនួញ ទាំងលោក យស បូវណ្ណៈ ជាសិល្បករជើងចាស់ និងទាំងផលិតករកម្មវិធីលំដាប់ពិភពលោកជាដើម។

លោក អុិន សុភិន បញ្ជាក់ពីសហរដ្ឋអាមេរិកមកថា មានហេតុផល៣ដែលលោកចំណាយពេលមកដល់អាមេរិកលើកនេះ។ ទី១ គឺមកចរចាជាមួយដៃគូពាណិជ្ជកម្មក្នុងអាជីវកម្មដឹកជញ្ជូនដែលជាក្រុមហ៊ុនក្រៅសិល្បៈរបស់លោក, ទី២ដើម្បីយកប័ណ្ណសរសើរមកប្រគល់ជូនតារាសម្ដែង លោក យស បូវណ្ណៈ ដែលត្រូវបានមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុងម៉ាកាវ កន្លងទៅប្រគល់ពានអោយ និងទី៣ គឺដើម្បីយកបែបបទឯកសារមកឆ្លងជាមួយគណកម្មការមហោស្រពភាពយន្តអាស៊ីអន្តរជាតិ នៅសហរដ្ឋអាមេរិក ដើម្បីយកភាពយន្តមួយចំនួនរបស់មហាហង្ស ទៅប្រកួតប្រកួតប្រជែងនៅអាមេរិក នាពេលខាងមុខ។

ក្នុងចំណោមគោលបំណងទាំង៣ លោកបានសម្រេចរួចរាល់អស់ហើយ ដោយលោក យស បូវណ្ណៈ មិនត្រឹមតែបានទទួលប័ណ្ណសរសើរ ដែលមានឈ្មោះរបស់ខ្លួន ដែលបានពីមហោស្រពភាពយន្តនៅម៉ាកាវប៉ុណ្ណោះទេ តែក៏បានយកពានដែលពានរួមតម្កល់ទុកសម្រាប់ក្រុមហ៊ុន យកទៅអោយលោកបានថតទុកជាអនុស្សាវរីយ៍ ព្រោះតែលោកមិនអាចទៅទទួលនៅក្នុងទីក្រុងម៉ាកាវនាពេលជាប់នោះផង។

ដោយឡែកសម្រាប់ការចរចាជុំវិញការដាក់ភាពយន្តចូលប្រកួតនៅក្នុងមហោស្រពភាពយន្តអន្តរជាតិនៅសហរដ្ឋអាមេរិក ក៏សម្រេចផងដែរ បន្ទាប់ពីការជជែកយ៉ាងលម្អិតរបស់លោកជាមួយថ្នាក់ដឹកនាំមហោស្រព គឺបានឯកភាពគ្នា និងសម្របសម្រួលគ្នាលើលក្ខខណ្ឌជាច្រើន គ្មានការខ្វែងគំនិតគ្នា។

យ៉ាងណាមិញលោកនៅមិនទាន់បង្ហើបនៅឡើយទេ ថាលោកនឹងជ្រើសភាពយន្តខ្លាំងៗរបស់មហាហង្សណាខ្លះ ចូលរួមក្នុងមហោស្រពនៅអាមេរិកនោះ៕