(ភ្នំពេញ)៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពរបស់កម្ពុជាកញ្ញា ស៊ិន យូប៊ិន ត្រូវបានមហាជនដឹងថា នាងមិនត្រឹមតែមាន​ប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជានោះទេ គឺថែមទាំងត្រូវបានទស្សនិកជននៅក្រៅប្រទេសគាំទ្រច្រើនផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះ ស៊ិន យូប៊ិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា បានចេញវីដេអូខ្លីមួយ ផ្ញើរសារលើកទឹកចិត្តដល់ប្រជាជនចិនពីចម្ងាយ ឲ្យមានភាពរឹងមាំបន្ត និងតស៊ូប្រយុទ្ធប្រឆាំងនិងកូរ៉ូណាវីរុសប្រភេទថ្មី។

ភ្ជាប់ជាមួយវីដេអូ ស៊ិន យូប៊ិន បានសរសេរសារថា «នាងខ្ញុំ ស៊ីន យូប៊ីន សូមលើកទឹកចិត្តដល់ប្រជាជនចិននៃខេត្តអ៊ូហាន ក៏ដូចជាប្រជាជនចិនទាំងអស់ សូមឲ្យអ្នករឹងមាំឡើង ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺសួតប្រភេទថ្មីនេះ។ សារមួយនេះ មិនមែនសម្រាប់តែប្រជាជនចិន ប៉ុន្តែនាងខ្ញុំសូមឲ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនទូទាំងពិភពលោក ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយវីរុសប្រភេទថ្មីនេះ។ នាងខ្ញុំសូមបួងសួងឲ្យប្រជាជនទូរទាំងសកល មានសុខភាពល្អ។ នាងខ្ញុំក៏សូមអរគុណដល់អគ្គស្ថានទូតចិននៃប្រទេសកម្ពុជា និងសារព័ត៌មាន China time ដែលបានផ្ដល់កិត្តិយសដល់នាងខ្ញុំ ក្នុងការរួមចំណែកក្នុងវីដេអូលើកទឹកចិត្តមួយនេះ»។

គួរជម្រាបថា កញ្ញា ស៊ិន យូប៊ិន គឺជាតារាស្រីជួរមុខមួយរូបក្នុងប្រទេសកម្ពុជា ដែលមានទីផ្សារមមាញឹកខ្លាំង មិនថាសិល្បៈក្នុងប្រទេស និងក្រៅប្រទេសនោះទេ។ តាមរយៈប្រឡូកក្នុងវិស័យសិល្បៈ តារាស្រីរូបនេះ បានសាងកេរ្តិ៍ឈ្មោះយ៉ាងច្រើន ខណៈថ្មីៗក៏ទើបតែទទួលពានរង្វាន់ តារាស្រីឆ្នើមក្នុងសម័យឌីជីថល ពីប្រទេសថៃផងដែរ៕