(ភ្នំពេញ)៖ តារាចម្រៀងប្រុស លោក ហង្ស សុវណ្ណារិទ្ធ បន្ទាប់ពីបានចូលប្រឡូក ក្នុងពិភពសិល្បៈរយៈពេល៩ឆ្នាំមក មួយរយៈនេះហាក់ដូចជាឡើងកូដខ្លាំង ខណៈដែលបទចម្រៀងរបស់លោក ជាច្រើនបទដែលសុទ្ធតែជា Original Song គឺទទួលបានការគាំទ្រយ៉ាងច្រើន ពីទស្សនិកជន រហូតដល់បទជម្រៀងនីមួយៗសុទ្ធតែមានការចូលទស្សនារាប់លានដងឯណ្ណោះ។

យ៉ាងណាមិញ ក្នុងការបង្ហាញវត្តមានធ្វើជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News លោក ហង្ស សុវណ្ណារិទ្ធ បានឲ្យដឹងថា លោកនឹងមានអ្វីដែលពិសេស និងប្លែកអារម្មណ៍ សម្រាប់ទស្សនិកជន ជាមួយនឹងបទចម្រៀងថ្មីរបស់លោកជាច្រើនបទ ដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យបងប្អូនខ្មែររាំលេងសប្បាយ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងខិតជិតមកដល់ក្នុងពេលខាងមុខនេះ ផងដែរ។

បទចម្រៀងជាចង្វាក់កន្ត្រឹម ត្រៀមចេញក្នុងពេលឆាប់ៗនេះ សុទ្ធតែជា Original Song ពោលគឺជាបទនិពន្ធថ្មី ដែលចង្វាក់ភ្លេង និងអត្ថន័យ ដូច្នេះលោកជឿជាក់ថា ទស្សនិកជន ប្រាកដជាប្លែកអារម្មណ៍ ។ ខណៈសព្វមួយដង លោកធ្លាប់តែ Cover មរតកដើម និងបញ្ចេញនូវចម្រៀងOriginal Song ដែលជាបទបែបមនោសញ្ចេតនា និងញ៉ាក់ មិនទាន់មានជាចង្វាក់កន្រ្តឹមនោះទេ។ សម្រាប់បទថ្មីដែលត្រៀមនឹងចេញនេះលោកក៏សង្ឃឹមថា នឹងមានការពេញនិយម ក៏ដូចជាគាំទ្រច្រើនពីសំណាក់ទស្សនិកជនផងដែរ

ជាចុងក្រោយ លោក ក៏បានថ្លែងអំណរគុណទៅកាន់ទស្សនិកជន មិត្តៗយុវវ័យ ដែលតែងតែនិយមធ្វើការគាំទ្ររាល់បទចម្រៀងរបស់លោក និងជូនពរឲ្យទស្សនិកជនមានសុខភាពល្អ រកទទួលទានបានគ្រប់ក្រុមគ្រួសារផងដែរ។

គួរបញ្ជាក់ថា តារាចម្រៀងលោក ហង្ស សុវណ្ណារិទ្ធ គឺមានស្រុកកំណើតនៅខេត្តកណ្ដាល ដែលរស់នៅក្នុងគ្រួសារមានបងប្អូន៥នាក់ ដែលសុទ្ធតែជាកូនប្រុស និងស្រីម្នាក់ ដែលបានបែកគ្នាទៅតាំងពីនៅក្មេង។ ក្នុងចំណោមបងប្អូនទាំង៥នាក់ គឺមានតែលោក និងប្អូនប្រុសម្នាក់ទៀតប៉ុណ្ណោះ ដែលមានជំនាញខាងសិល្បៈ៕