(ក្រុងឡុងដ៍)៖ ក្លិបកាំភ្លើងធំ Arsenal រកបាន ៣ពិន្ទុ ក្រោយបំបាក់ក្រុម Newcastle United ក្នុងលទ្ធផល ៤-០ នៃការប្រកួតក្នុងសប្តាហ៍ទី២៦ សម្រាប់លីគកំពូលអង់គ្លេស Premier League 2019-2020 ខណៈជ័យជម្នះនេះជាការធ្វើបានសម្រេចដោយខ្សែប្រយុទ្ធឆ្នើម ៤រូបរបស់ក្រុមដែលស្ថិតនៅលេខរៀងទី១០ ក្នុងតារាងពិន្ទុ គ្រាដែលក្រុមខ្លាំង Liverpool នៅតែឈរកំពូលតារាងដដែលដោយមាន ៧៦ពិន្ទុ។

ការប្រកួតនាកីឡដ្ឋាន Emirates នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមលោក Mikel Arteta បានបំបាក់ក្រុម Newcastle United ដោយការព្យាយាមធ្វើបានសម្រេចរបស់កីឡាករខ្សែប្រយុទ្ធ ៤ក្នុងនោះកីឡាករ Pierre Emerick Aubameyang ដែលជាគ្រាប់ដំបូងនៅនាទី៥៤ និងគ្រាប់បាល់បន្តទៀតធ្វើបានដោយកីឡាករ Nicolas Pepe នៅនាទី ៥៧ ហើយខ្សែបម្រើប្រយុទ្ធ Mesut Ozil និងមិត្តរួមក្រុម Alexandre Lacazette រកបាននៅនាទីចុងម៉ោង ៩០ដូចគ្នា។

គិតត្រឹមការប្រជែងក្នុងសប្តាហ៍ទី២៦ នេះក្រុមដែលដឹកនាំដោយលោក Mikel Arteta បានឈរត្រឹមលេខរៀងទី១០ដោយមាន ៣៤ពិន្ទុ ខណៈក្រុមខ្លាំងដែលមិនទាន់ស្គាលចាញ់ Liverpool នៅតែបន្តឈរលើកំពូលតារាងដដែលក្រោយយកឈ្នះក្រុម Norwich City ១-០ ហើយការប្រកួតប្រជែងដណ្តើមពានរង្វាន់លីគ Premier League រដូវកាលនេះគឺនៅសល់តែ ១២ប្រកួតទៀតប៉ុណ្ណោះ៕