(ភ្នំពេញ)៖ លោក នាង ស៊ីវុត្ថា អ្នកគ្រប់គ្រង និងផ្គូផ្គងកម្មវិធីប្រដាល់ប្រចាំសង្វៀនបាយ័នបានស្នើគ្រប់បណ្ដាក្លឹប ត្រូវមានកិច្ចសហការល្អជាមួយគ្រប់ស្ថានីយ៍ តែកុំអាងខ្លួនមានកូនក្រមុំ ចេះតែលើកដាក់គ្រប់សង្វៀនក្នុងថ្ងៃតែមួយ ដែលនាំឲ្យប៉ះពាល់ដល់កម្មវិធីប្រកួតរបស់គេ។

ការស្នើនេះបានធ្វើឡើងចំពោះមុខលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងពិធីបើកកម្មវិធីប្រដាល់ Boostrong Fighters on Fire នៅសង្រៀនបាយ័នស្ទឹងមានជ័យកាលពីថ្ងៃទី១៦ ខែកុម្ភៈម្សិលមិញ ហើយប្រធានសហព័ន្ធលោក តែម ម៉ឺន ក៏បានយល់ស្របតាមការលើកឡើងរបស់លោក នាង ស៊ីវុត្ថា ផងដែរ។

ការថ្លែងកុំអាងខ្លួនមានកូនក្រមុំ លើកដាក់គ្រប់សង្វៀន គឺក្នុងន័យមានក្លឹបចំនួនអាងខ្លួនមានកីឡាករ ហើយពេលទទួលបានកម្មវិធីប្រកួតពីស្ថានីយ៍ផ្សេងៗ ចេះតែបញ្ជូនទៅចូលរួម ពេលខ្លះជាន់ថ្ងៃគ្នា ពេលខ្លះគៀកថ្ងៃគ្នា ដែលធ្វើឲ្យប៉ះពាល់ដល់គុណភាពប្រកួត និងការរៀបចំរបស់សង្វៀននីមួយៗ។ លោកថា ការផ្គូផ្គងកម្មវិធីប្រដាល់ គឺផ្ទុយពីអ្នកចម្រៀង ដែលអាចច្រៀងមួយថ្ងៃ ២ ឬ ៣កម្មវិធីបាន។ មួយវិញទៀត លោកក៏ស្នើឲ្យមានកិច្ចសហការពីស្ថានីយ៍ដទៃ ដើម្បីលុបបំបាត់បញ្ហាអសកម្មក្នុងការផ្គូផ្គងនេះផងដែរ។

លោក នាង ស៊ីវុត្ថា និយាយថា «រាល់ការផ្គូផ្គងរបស់ស្ថានីយ៍ដទៃ សុំឲ្យមានការសហការគ្នា ព្រោះជួនកាលការផ្គូផ្គងជាន់កីឡាករដោយអត់ដឹង... តែដល់ពេលមហាជនឆ្ងល់ ហើយសួរថា កីឡាករនេះ ប្រកួតទាំងពីរប៉ុស្ដិ៍មែន? ទើបពិបាកឆ្លើយ។ អញ្ចឹងទើបទាមទារឲ្យមានកិច្ចសហការគ្នា ព្រោះយើងមានកម្មវិធីប្រកួតរៀងៗខ្លួន ហើយគ្រូបង្វឹក និងក្លឹបត្រូវដឹងថា កីឡាករខ្លួនជាប់កម្មវិធីអ្វី? កុំចេះតែឆ្លើយបាទ ឬចាស៎ អាងខ្លួនមានកូនក្រមុំ ចេះតែលើកដាក់គ្រប់កម្មវិធីក្នុងថ្ងៃតែមួយ ព្រោះប្រដាល់ មិនមែនដូចអ្នកចម្រៀងនោះទេ»

ក្រឡេកមកចាប់អារម្មណ៍កម្មវិធីប្រដាល់ថ្មី Boostrong Fighters on Fire វិញ លោក នួន សំណាង តំណាងក្រុមហ៊ុន Boostrong បានសម្ដែងនូវការរីករាយជាខ្លាំង ក្នុងការចាប់ដៃជាមួយសង្វៀនបាយ័ន ដើម្បីរៀបចំកម្មវិធីប្រដាល់គុនបុរាណខ្មែរនេះឡើង ក្នុងគោលដៅរួមចំណែកលើកស្ទ័យ និងអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន។ មិនតែប៉ុណ្ណោះ លោកក៏មានគម្រោងរៀបចំជាកម្មវិធីប្រដាល់ដណ្ដើមខ្សែរក្រវាត់ និងរង្វាន់ប្រាក់លានជាច្រើននាពេលឆាប់ៗខាងមុខទៀតផង។

ចំពោះកម្មវិធីប្រកួតថ្ងៃបើកឆាកសង្រៀនបែបប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្ដរជាតិនេះដែរ គឺមាន ៤គូ ហើយជាលទ្ធផលរួមមាន៖ កីឡាករ សយ សុខ បានយកឈ្នះកីឡាករ អេលីត ណងសៅ ដោយពិន្ទុ។ កីឡាករ សយ សី យកឈ្នះកីឡាករ ម៉ន រិទ្ធី ដោយពិន្ទុ។ ឯគូប្រកួតមិត្តភាពអន្ដរជាតិ កីឡាករ យ៉ាម ខេមរា ប្រកួតចាញ់កីឡាករថៃ Kwanjai Site Or ដោយពិន្ទុ ខណៈកីឡាករ ចាន់ ប៊ុនលាភ បានផ្ដួលកីឡាករទួកគី Kerim Morkor ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ ប៉ុណ្ណោះ៕