(សេអ៊ូល)៖ តារាប្រុសសម្តែងក្នុងភាពយន្តកូរ៉េ «Goodbye Dear Wife» គឺលោក Ryu Si Won បានសម្រេចចិត្តរៀបការក្នុងវ័យ ៤៧ឆ្នាំ ជាមួយនឹងនារីវ័យក្មេងម្នាក់ ដែលមិនមែនជាអ្នកសិល្បៈ។ ពិធីមង្គលការរបស់តារាភាពយន្តកូរ៉េរូបនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន Koreaboo។

ពិតណាស់ នៅដើមខែកុម្ភៈនេះ ភ្នាក់ងាររបស់តារាប្រុស Ryu Si Won បានចេញសេចក្តីប្រកាសទៅកាន់អ្នកគាំទ្រពីដំណឹងរៀបការរបស់លោក ជាមួយនឹងការថ្លែងអំណរគុណដល់ទស្សនិកជន ដែលនៅតែបន្តគាំទ្រតារាក្នុងផលិតកម្មរបស់ខ្លួន។ ជាពិសេស ភ្នាក់ងាររបស់លោក Ryu Si Won បានជូនពរឲ្យលោកនិងភរិយាចាប់ផ្តើមជីវិតគ្រួសារថ្មី ប្រកបដោយសុភមង្គលផងដែរ។ ផលិតផលបានបន្តថា ក្រោយរៀបការ Ryu Si Won នឹងនៅតែបន្តការងារជាតារាសម្តែងដូចធម្មតា។

គួរជម្រាបថា តារាភាពយន្ត Ryu Si Won ធ្លាប់រៀបការម្តងរួចមកហើយ កាលពីឆ្នាំ២០១០ ក្រោយមកក៏បានចែកផ្លូវគ្នាជាមួយភរិយាក្នុងឆ្នាំ២០១២ ដោយបន្សល់ទុកកូនស្រីម្នាក់ជាដំណក់ឈាមរួមគ្នា។ ទំនាក់ទំនងរបស់លោកនិងភរិយា ត្រូវបានលែងលះជាផ្លូវការ បន្ទាប់ពីមានដីកាលែងលះពីតុលាការនៅក្នុងឆ្នាំ២០១៥។ ហើយនេះជាមង្គលការលើកទី២ របស់តារាប្រុស Ryu Si Won ដែលជាឪកាសមួយធ្វើឲ្យលោកចាប់ផ្តើមជីវិតគ្រួសារថ្មី៕