(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា សុខ សីឡាលីន បានប្រឡងជាប់ជាស្ថាពរ សាលាបណ្ឌិតសភានគរបាលកម្ពុជា ដែលជោគជ័យនេះ មិនត្រឹមតែមានមោទនភាពសម្រាប់ខ្លួនឯងនោះទេ ប៉ុន្តែក៏ជាការសម្រេចនូវក្ដីប្រាថ្នា របស់ឪពុកម្ដាយនាងផងដែរ ចំថ្ងៃទិវានៃក្ដីស្រឡាញ់។
តារាចម្រៀង សុខ សីឡាលីន បានបង្ហាញនូវភាពជោគជ័យនេះ នៅក្នុងគណនីហ្វេសប៊ុករបស់នាងថា «ទីបំផុត ខ្ញុំប្រឡងជាប់ ក្របខ័ណ្ឌបណ្ឌិត សភានគរបាលកម្ពុជា ហើយសម្រេចបំណងប៉ាម៉ាក់ហើយ ១៤កុម្ភៈ ថ្ងៃល្អសម្រាប់ខ្ញុំ»។
ជាមួយនឹងជោគជ័យនេះ ក៏មានការចូលរួមអបអរសាទរ ដល់តារាចម្រៀងកញ្ញា សុខ សីឡាលីន ពីសំណាក់ទស្សនិកជនអ្នកគាំទ្រ អ្នកនិយមតាមដានបណ្ដាញសង្គម ក៏ដូចជាក្រុមគ្រួសារ មិត្តរួមអាជីព ដែលនាងបានសម្រេចបំណងប្រាថ្នាដ៏ធំរបស់ខ្លួន ជាពិសេសនោះ គឺឪពុកម្ដាយ។
គួរបញ្ជាក់ថា កញ្ញា សុខ សីឡាលីន គឺជាតារាចម្រៀងស្រីល្បីឈ្មោះមួយរូប ក្នុងផលិតកម្មរស្មីហង្សមាស ដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន។ ដោយសារតែប្រជាប្រិយភាព និងទេពកោសល្យ តារាចម្រៀងស្រីច្រៀងបានច្រើនភាសារូបនេះ បានក្ដោបបានឱកាស ធ្វើជាគណៈកម្មការ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «X Factor Cambodia» ដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗនេះ៕