(ភ្នំពេញ)៖ ក្រុមគ្រួសារនិង គ្រួសារតារាកម្ពុជា បានសម្រេចបញ្ជូនតារាសម្ដែង មាស សៀវប៉ាយ ដែលនៅតែសន្លប់ស្ដូកស្ដឹងមិនទាន់ដឹងខ្លួន ក្រោយគ្រោះថ្នាក់ផ្នែកក្បាលធ្ងន់ធ្ងរ ទៅព្យាបាលនៅក្នុងប្រទេសវៀតណាម នៅមន្ទីរពេទ្យជោរី ក្នុងទីក្រុងហូជីមិញ នៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ នេះ។ យ៉ាងណាមិញលទ្ធភាពនៃការចេញទៅ គឺស្ថិតក្នុងសភាពភ័យបារម្ភ ពីការព្យាបាលនៅឡើយទេ ដោយសារតែគ្រួសាររបស់ជនរងគ្រោះ ត្រូវពឹងទាំងស្រុងតែលើកម្លាំងបរិច្ចាគ របស់សប្បុរសជនក្នុងពេលបន្តបន្ទាប់។

ដោយសារតែគ្រួសារទាំងមូល​​ គឺមិនមានលទ្ធភាព ម្យ៉ាងឪពុករបស់លោក ក៏ឈឺមិនមានសុខភាពផង។ យ៉ាងណាមិញក្រោយការពន្យល់ និង សម្អាងលើកម្លាំងសប្បុរសធម៌ ក្រោមការជ្រោមជ្រែងរបស់គ្រួសារតារាកម្ពុជា គ្រួសាររបស់លោកសម្រេចចិត្តបញ្ជូនចេញ។ ការសម្របសម្រួលត្រូវបានចាត់ចែងរៀបរយអស់ហើយ ដោយគ្រួសារជនរងគ្រោះ មានជំនួយក្នុងដៃពីខាងក្លិប QK និង ពីសប្បុរសជននានាប្រមាណ២ពាន់ដុល្លារ ក្នុងការចេញទៅ ខណៈដែលគ្រួសារតារាកម្ពុជា មានជំនួយប្រមាណជាង១ពាន់ដុល្លារផ្សេងទៀត ដើម្បីជួយពីក្រោយ។

លោក ផាត់ តារារដ្ឋ ជាប្រធានគ្រួសារតារាកម្ពុជា នឹងបន្តរ៉ៃអង្គាស និងបំផុសជួយដល់តារារូបនេះ ឲ្យអស់លទ្ធភាព បន្ទាប់ពីលោកនៅតែមានសភាពមិនទាន់ដឹងខ្លួន ក្រោយចូលសម្រាកនៅក្នុងមន្ទីរពេទ្យក្នុងស្រុក។ ​មាស សៀវប៉ាយ ត្រូវបានបញ្ជូនចេញទៅវៀតណាម ក្រោយរកបានជំនួយសរុប ពីគ្រប់ទីប្រមាណជាង៣ពាន់ដុល្លារ តែយើងមិនអាចទុកឲ្យសភាពជំងឺនេះ នៅតែធ្ងន់បែបនេះបានទេ យ៉ាងហោចណាស់ប្រសិនបើគ្រួសារតារាកម្ពុជា អស់លទ្ធភាពក្នុងការអំពាវនាវ និងបំផុសពីកង្វះខាតនេះ បានចប់ចុងចប់ដើម ក៏អាចឲ្យមាស សៀវប៉ាយ ផ្ទាល់គាត់អស់ចិត្ត ចំពោះការជួយសង្គ្រោះដែរ ។ លោកថាកម្លាំងសាមគ្គី របស់សប្បុរសជននឹងជួយឲ្យ លោក មាស សៀវប៉ាយ ទទួលបានការជ្រោមជ្រែងរហូត​​ ស្របគ្នាដែលខាងមន្ទីរពេទ្យរុស្ស៊ី ក៏បានបញ្ជាក់ហើយថា លោកមិនមានឈាមកកនៅក្នុងលលាដ៍ ដែលតម្រូវឲ្យវះកាត់នោះ។

លោកថាគ្រួសារគ្រួសារតារាកម្ពុជា ធ្លាប់បានធ្វើសកម្មភាពរ៉ៃលុយ និងបំផុសពីទុក្ខលំបាករបស់សិល្បៈបែបនេះ ច្រើននាក់មកហើយ ធ្វើឲ្យសប្បុរសជនគ្រប់ទិសទីចុះជួយព្រមគ្នា ទើបលោកជឿថា កម្លាំងនៃការបំផុសជួយលោក មាស សៀវប៉ាយ លើកនេះ គឺពិតមិនអត់សប្បុរសជនដែលមានទឹកចិត្តជួយ រហូតដល់ស្ថានភាពជម្ងឺរបស់លោកមានសង្ឃឹម៕