(ភ្នំពេញ)៖ ប្រជាជនខ្មែរ ជាពិសេសអ្នកគាំទ្រវិស័យភាពយន្តខ្មែរមានការពេញចិត្តជាខ្លាំង ក្រោយផលិតករល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេង បានបង្ហាញពីគម្រោងផលិតភាពយន្តប្រវត្តិសាស្រ្តខ្នាតធំមួយ គឺរឿង «ព្រះបាទជ័យវរ័្មនទី៧»។ រយៈពេលនៃការបម្រើលើវិស័យភាពយន្តជាង ២០ឆ្នាំមកនេះ ផលិតករខ្មែរល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេង បានសម្រេចបង្ហាញគម្រោងរបស់ខ្លួន ក្នុងការផលិតភាពយន្ត «ព្រះបាទជ័យវរ័្មនទី៧» នៅក្នុងឆ្នាំ២០២៥ ។ ជាមួយនឹងការប្រកាសនូវគម្រោងនេះផងដែរ គឺដើម្បីឲ្យកូនខ្មែរទូទាំងពិភពលោកចូលរួមសហការដោយក្តីរីករាយ ខណៈខ្ទង់ចំណាយគឺស្មើរនឹង ៧លានដុល្លារអាមេរិក។

ថ្លែងប្រាប់តាមរយៈទូរស័ព្ទជាមួយក្រុមការងារ Fresh News លោក ហ៊ុយ យ៉ាឡេង បានឲ្យដឹងថា ទោះបីជាលោកមានក្រុមនិពន្ធហើយក៏ពិតមែន ប៉ុន្តែភាពយន្ត «ព្រះបាទជ័យវរ័្មនទី៧» មិនអាចធ្វើបានតែឯងនោះឡើយ ពោលគឺមានការប្រមូលផ្តុំ នូវក្រុមអ្នកនិពន្ធផ្សេងៗទៀត រួមមានអ្នកបុរាណវិទ្យា អ្នកប្រវត្តិវិទូ និងព្រឹទ្ធាចារ្យជាច្រើនរូបទៀត ក្នុងការសម្រិតសម្រាំង ពិនិត្យមើលឲ្យគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យភាពយន្តនេះចេញមកល្អ មិនចាញ់ភាពយន្តឯកសារផ្សេងៗរបស់បរទេស។

លោក ហ៊ុយ យ៉ាឡេង បន្ថែមថា ភាពយន្ត «ព្រះបាទជ័យវរ្ម័នទី៧» គឺមិនមែនទើបតែគិត ឬចេះតែធ្វើនោះទេ គឺលោកគិតតាំងពីជាង២០ឆ្នាំមុនមកម្ល៉េះ ហើយលោកបានប្តេជ្ញាថា ភាពយន្តនេះចេញមក នឹងមិនឲ្យចាញ់ភាពយន្តរបស់បរទេសដាច់ខាត។ ជាក់ស្តែងដូចជា ភាពយន្តខ្នាតធំមួយរបស់ឥណ្ឌាដែលគេចំណាយការផលិតអស់២០លានដុល្លារ ប៉ុន្តែចំណេញបានមកវិញ ៣រយលានដុល្លារជុំវិញពិភពលោក។ នេះជាចំណុចសំខាន់មួយ ក្នុងចំណុចសំខាន់ជាច្រើនទៀត ដែលជំរុញទឹកចិត្តលោក ឲ្យត្រូវតែផលិតភាពយន្តនេះឡើង។ ទោះបីជាខ្ទង់ចំណាយក្នុងការផលិតរឿង «ព្រះបាទជ័យវរ្ម័នទី៧» អស់ត្រឹម៧លានដុល្លារ ប៉ុន្តែនឹងធ្វើការផលិតមិនឲ្យចាញ់ភាពយន្តបរទេសឡើយ។

គួរជម្រាបថា ជាមួយនឹងការដាក់នូវគម្រោងផលិតភាពយន្ត «ព្រះបាទជ័យវរ័្មនទី៧» ដែលមានខ្ទង់ចំណាយ ៧លានដុល្លារនេះផងដែរ លោកហ៊ុយ យ៉ាឡេង បានបើកទទួលស្វាគមន៍ដល់បងប្អូនប្រជាជនខ្មែរទូទាំងពិភពលោក ក្នុងការចូលរួមសហការ ដែលនេះជាការរួបរួមគ្នា សាមគ្គីគ្នាក្នុងនាមជាកូនខ្មែរ ដើម្បីចងក្រងភាពយន្តប្រវត្តិសាស្ត្រខ្នាតធំសម្រាប់ទស្សនា ឲ្យកូនខ្មែរបានដឹង ក៏ដូចជាយកទៅប្រកួតប្រជែងលើឆាកអន្តរជាតិ។ បងប្អូនដែលមានបំណងចូលរួមចំណែកសហការ សូមទំនាក់ទំនងទៅ លោកហ៊ុយ យ៉ាឡេង ផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៦៩ ២៣៩ ៧៨៩ និង Email : [email protected]