(តូរីន)៖ ក្លឹបយក្សរបស់អុីតាលី Juventus មានបំណងយកអ្នកចាត់ការទូទៅ Pep Guardiola ទៅដឹកនាំឲ្យបានមុនរដូវកាលឆ្នាំ២០២០-២០២១ ខាងមុខ ជំនួសកៅអីលោក Maurizio Sarri ដែលមានកិច្ចសន្យាតែ ១ឆ្នាំនោះ។

ប្រភពព័ត៌មានពី The Sun របស់បារាំងបានចុះផ្សាយថា សេះបង្កង់ Juventus នៅតែចិញ្ចឹមចង់បានអ្នកចាត់ការសញ្ជាតិអេស្ប៉ាញខាងលើនេះ​ទៅដឹកនាំជាយូរមកហើយ និងបរាជ័យម្តងមកដែរកាលពីរដូវកាលមុន ក្នុងខណៈ Pep បានចុះកិច្ចសន្យាដឹកនាំក្លឹបអង់គ្លេស Manchester City កាលឆ្នាំ២០១៦ កន្លងទៅ ក្រោយលាឈប់ដឹកនាំ Bayern Munich របស់អាល្លឺម៉ង់នោះ។

កិច្ចសន្យាចាស់របស់អតីតអ្នកចាត់ការក្លឹបអេស្ប៉ាញ FC Barcelona នឹងផុតកំណត់ជាមួយនឹង Manchester City នៅក្រោយបញ្ចប់រដូវកាលឆ្នាំ២០២០-២០២១។

Pep Guardiola កំពុងមានពាន ៤ ក្នុងដៃ ដែលត្រូវប្រជែងនារដូវកាលនេះ ដោយវគ្គផ្តាច់ព្រ័ត្រ League Cup (Carabao Cup) ប៉ះ Aston Villa, ពាន FA Cup ប៉ះក្រុម Sheffield Wednesday ជុំទី៥ នៃវគ្គ ១៦ក្រុមចុងក្រោយ និងកំពុងឈរនៅលេខ២ បណ្តោះអាសន្ននៅ Prmier League និងត្រូវប្រជែងទល់នឹង Real Madrid ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃ UEFA Champions League ផងដែរ៕