(ភ្នំពេញ)៖ ពានពាក់កណ្ដាលអាជីពដ៏ធំ KW Cambodia League លើកទី៩ ឆ្នាំ២០២០ បានបើកការប្រកួតផ្លូវការហើយកាលពីថ្ងៃអាទិត្យ ដោយមាន ១៤ក្រុមចូលរួម។ ដើម្បីអបអរពិធីបើកការប្រកួតនេះ គណៈកម្មការក៏បានរៀបចំប្រកួតពានមិត្តភាព និងសប្បុរសធម៌ រវាងក្រុមជើងឯកលីគ និងខាប់ឆ្នាំ២០២១៩ ផងដែរ គឺក្រុម ISI Dangkor Senchey ប៉ះក្រុម Avatar FC នៅទីលាន KMH Park។

ថ្លែងក្នុងពិធីបើកការប្រកួត លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាស្ថាបនិកពានខាងលើបានបញ្ជាក់ថា ឆ្នាំនេះនឹងមានការប្រកួតប្រជែងកាន់តែខ្លាំងជាងមុន ក្រោយពីដំឡើងប្រាក់រង្វាន់ដល់ ១ម៉ឺនដុល្លារសម្រាប់ក្រុមជើងឯក បេក្ខភាពត្រៀមចូលរួម សុទ្ធតែបានត្រៀមខ្លួនយ៉ាងល្អ និងជាក្រុមខ្លាំងៗដែលធ្លាប់មានបទពិសោធន៍លេងពានពាក់កណ្ដាលអាជីពជាច្រើនពីមុនមក។

បន្ថែមលើនេះ លោកបានបង្ហើបថា នៅឆ្នាំក្រោយ នឹងមានការរៀបចំកាន់តែធំ និងពិសេស ដើម្បីអបអរគម្រប់ខួប ១០ឆ្នាំពាន KW Cambodia League ហើយបន្ទាប់ពីឆ្នាំ២០២១ លោកនឹងរៀបចំពាននេះឲ្យកាន់តែប្លែកបន្ថែមទៀត ដើម្បីកៀគរការចូលរួមរបស់ក្រុមពាក់កណ្ដាលអាជីព យុវជន មន្ដ្រី និងបុគ្គលិកក្រុមហ៊ុននានា ក្នុងគោលបំណងរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា។

ទន្ទឹមជាមួយគ្នា លោក ធុល នាង ស្ថាបនិកក្លឹប TN Kandal បានបង្ហាញនូវការគាំទ្រ ចំពោះការបង្កើតពាននេះ ពិសេសការរៀបចំពានសប្បុរសធម៌បើករដូវកាល ដើម្បីរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកថា ពាននេះមានកីឡាករចម្រុះជាតិសាសន៍ចូលរួម ដែលជាឱកាសដ៏ល្អ ដើម្បីដកស្រង់បទពិសោធន៍ និងអភិវឌ្ឍសមត្ថភាព ក្លាយជាកីឡាករអាជីពនាថ្ងៃអនាគត បន្ទាប់ពីចូលរួមប្រកួតពាននេះ។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតបើករដូវកាល ក្រុម Avatar បានលើកពានជាលើកទី៣ បន្ទាប់ពីយកឈ្នះក្រុម ISI Dangkor Senchey ដោយលទ្ធផល ២-១។ ជាមួយការប្រកួតពានសប្បុរសធម៌នេះដែរ គឺមានប្រាក់រង្វាន់ ១,៤០០ដុល្លារ ដែលក្រោមការឯកភាពរបស់គណៈកម្មការ និងក្រុមជយលាភី ថវិកានេះនឹងត្រូវរៀបចំបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដូចរាល់ឆ្នាំដែរ។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា គីម ហ៊ាង។

គួរបញ្ជាក់ថា ពានរង្វាន់ KW Cambodia League 2020 គឺមាន ១៤ក្រុមចូលរួម។ ចំពោះប្រាក់រង្វាន់វិញ មានការកើនឡើងច្រើន ដោយក្រុមជើងឯកនឹងទទួលបាន ៤០លានរៀល, ក្រុមលេខ២ ទទួលបាន ២០លានរៀល, ក្រុមលេខ៣ ទទួលបាន ១០លានរៀល និងក្រុមលេខ៤ ទទួលបាន ៥លានរៀល។ ក្រៅពីនេះ ក៏មានពាន និងរង្វាន់លើកទឹកចិត្តក្រុម Fair-Play កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ និងអ្នកចាំទីល្អទៀតផង៕