(បរទេស)៖ ខ្សែភាពយន្ត «Parasite» របស់កូរ៉េខាងត្បូង បានឈ្នះពានរង្វាន់ដំបូងរបស់ខ្លួននៅក្នុងកម្មវិធី «Academy Awards» លើកទី៩២ ។ នេះបើតាម​ការចេញផ្សាយ Koreaboo នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Bong Joon Ho និង Han Jin Won បានមកទទួលពានរង្វាន់សម្រាប់ខ្សែភាពយន្តល្អបំផុតជាលើកដំបូង ហើយក៏ជាការបង្កើតនូវប្រវត្តិសាស្រ្តថ្មីរបស់ពួកគេបន្ថែមទៀតផងដែរ។ លោក Bong Joon Ho ដែលជាអ្នកនិពន្ធ និងដឹកនាំរឿង បានថ្លែងអំណរគុណដល់តួសម្តែងទាំងអស់ដូច្នេះថា «ខ្ញុំសូមអរគុណដល់តារាសម្តែងទាំងអស់ ដែលនៅទីនេះជាមួយខ្ញុំ នៅថ្ងៃដែលនាំយកខ្សែភាពយន្តនេះមកដល់អ្នកទាំងអស់គ្នា»

គួរបញ្ជាក់ថារឿង «Parasite» បានយកឈ្នះខ្សែភាពយន្តល្បីៗរបស់ហូលីវ៉ូតដូចជា «Once Upon a Time … in Hollywood», «Marriage Story», «Knives Out» ហើយនិងរឿង «1917» ផងដែរ។ បច្ចុប្បន្នខ្សែភាពយន្តខ្នាតធំរបស់កូរ៉េខាងត្បូងនេះ បានឈ្នះពានរង្វាន់ Oscar រហូតដល់ទៅ៤ឯណោះ ក្នុងឆ្នាំ២០២០នេះ ដែលនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយទៀតហើយរបស់ភាពយន្តនេះ ក៏ដូចជាមោទនភាពរបស់អ្នកផលិតរឿង និងតារាសម្តែង៕