(ភ្នំពេញ)៖​ អ្នកលក់តាមបណ្ដាញសង្គមអនឡាញឆ្នើមៗប្រមាណ​៣៦០នាក់ បានរៀបចំពិធីជួបជុំគ្នាដ៏ធំមួយ ដើម្បីបានពិភាក្សាគ្នា ផ្ដល់បទពិសោធឲ្យគ្នាទៅវិញទៅមក នាពេលថ្មីៗនេះ។ នេះជាកម្មវិធីចែករំលែកចំណេះដឹង ជាពិសេសបទពិសោធន៍ជោគជ័យ និងជំនាញថតរូបឲ្យទាក់ទាញធំមួយ ដែលអ្នកចូលរួមក៏សុទ្ធសឹងតែជាអ្នកជោគជ័យ ក្នុងមុខអនឡាញ ជាអ្នកតំណាងឆ្នើមៗ​។

អ្នករៀបចំកម្មវិធី លោក ឆាយ ភិរម្យ បានថ្លែងបញ្ជាក់ថា នេះជាការជួបជុំទ្រង់ទ្រាយធំលើកទី១ ដែលក្រុមហ៊ុនរបស់លោកបានរៀបចំឡើង បន្ទាប់ពីលោក និងភរិយាជាជនជាតិថៃ បណ្ដាក់ទុនបើកជំនួញលើមុខជំនួញនេះ ប្រមាណជិត២ឆ្នាំ។ ហេតុផលដែលលោករៀបចំកម្មវិធីនេះ គឺដើម្បីផ្ដល់ឱកាសឲ្យតំណាងចែកចាយ របស់ក្រុមហ៊ុនចំនួន៣៦០នាក់ ដែលសុទ្ធតែជាអ្នកតំណាងឆ្នើមៗ បានជួបគ្នា បានស្គាល់គ្នា បានចែករំលែកបទពិសោធន៍ជោគជ័យគ្នា និងសំខាន់បំផុត គឺ​ប្រមូលផ្ដុំពួកគាត់ឲ្យមកទទួលការបណ្ដុះបណ្ដាល​ ដល់ផ្នែកថតសែលហ្វី និងថតផលិតផល ដើម្បីឲ្យការបង្ហោះលក់ កាន់តែមានភាពទាក់ទាញ។ ក្នុងនោះក៏បង្រៀនពីបច្ចេកទេសសរសេរបង្ហោះ និងពីតិកនិកក្នុងការពន្យល់អតិថិជន​ ហើយដោយសារតែមុខជំនួញ ដែលបានកើតឡើង ​គឺផ្ដើមពីកម្លាំងសាមគ្គី​ របស់តំណាងចែកចាយទាំងអស់ ទើបលោកសម្រេច​ដាក់ឈ្មោះកម្មវិធីដែលបានធ្វើឡើងថា កម្មវិធី «សាមគ្គីប្រាក់លាន»។

យ៉ាងណាមិញ ក្រុមហ៊ុនធ្លាប់បានធ្វើកម្មវិធីជួបជុំ ជាមួយអ្នកតំណាងរបស់ខ្លួនជាហូរហែ​មកហើយ ដោយមានទាំងការផ្ដល់រង្វាន់លើកទឹកចិត្ត និងដំណើរកម្សាន្តនៅក្រៅប្រទេសផង។ មកទល់ពេលនេះ ក្រុមហ៊ុនមានតំណាងចែកចាយ​ នៅទូរទាំងប្រទេសប្រមាណជាង២០០០នាក់ ដូច្នេះទើបក្រុមហ៊ុននឹងមាន គម្រោងបើកវគ្គបណ្ដុះបណ្ដាលបែបនេះ​​​​ លើកក្រោយធំជាងនេះ បន្ទាប់ពីបញ្ចប់កម្មវិធី «សាមគ្គីប្រាក់លាន» ទទួលបានជោគជ័យ៕